ក្រិកត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៦ពាន់លានដុល្លារអាម៉េរិក សម្រាប់ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលចំនួន៣
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសក្រិកគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៣,៦ពាន់លានដុល្លារអាម៉េរិកនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាសចំនួនបីរបស់អ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។
កាសែត Jerusalem Post បាននិយាយថា គណៈប្រតិភូក្រិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រសួងការពារជាតិអ៊ីស្រាអែលនៅទីក្រុងតែលអាវីវ បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជិតបីឆ្នាំ។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រព័ន្ធ David's Sling, Spyder និងBarak MX ដែលត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បញ្ចូលទៅក្នុងបណ្តាញការពារដែនអាកាស Achilles Shield ពហុស្រទាប់ដែលបានគ្រោងទុករបស់ប្រទេសក្រិក។
ក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងទទួលបានចំណែកដ៏ធំបំផុតនៃកិច្ចសន្យានេះ ដោយផ្គត់ផ្គង់ប្រព័ន្ធ David's Sling ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការគម្រាមកំហែងមីស៊ីលផ្លោង និងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រព័ន្ធ Spyder ចល័តសម្រាប់យន្តហោះគ្មានមនុស្សបើក និងការគំរាមកំហែងតាមអាកាសផ្សេងៗទៀត។
យោងតាមកាសែតនោះបានឱ្យដឹងថា ក្រុមហ៊ុន Israel Aerospace Industries នឹងផ្គត់ផ្គង់ប្រព័ន្ធ Barak MX ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់យន្តហោះ និងគ្រាប់កាំជ្រួច។
គម្រោងនេះក៏រួមបញ្ចូលផងដែរនូវបណ្តាញបញ្ជា និងត្រួតពិនិត្យទូទាំងប្រទេសដែលភ្ជាប់ប្រព័ន្ធ និងសម្របសម្រួលការស្ទាក់ចាប់។
បណ្តាញនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីដំណើរការព័ត៌មានពីរ៉ាដា និងឧបករណ៍ចាប់សញ្ញា ចាត់ថ្នាក់ការគំរាមកំហែង និងជ្រើសរើសប្រព័ន្ធស្ទាក់ចាប់ដែលសមស្រប។
ប្រព័ន្ធ Spyder ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ពង្រាយនៅលើកោះក្រិក ខណៈដែលក្រុមហ៊ុនការពារជាតិក្រិក គ្រោងនឹងទទួលបានប្រហែល ៧០០លានអឺរ៉ូ (៨២០លានដុល្លារអាម៉េរិក) ក្នុងការងារក្រោមគម្រោងនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





