លោក ជា ពៅ៖ ការចេញទៅប្រកួតអន្តរជាតិរបស់វាយកូនបាល់កម្ពុជាជាការសន្សំពិន្ទុ និងបង្កើនគុណភាពបច្ចេកទេស
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករកីឡាការិនី ៤នាក់ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ចំនួនពីរផ្សេងពីគ្នា នៅប្រទេសវៀតណាម និងប្រទេសសិង្ហបុរី នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើកឡើងថា រាល់ការចូលរួមប្រកួតកម្រិតអន្តរជាតិរបស់ជម្រើសជាតិកម្ពុជាគឺដើម្បីសន្សំពិន្ទុ និងបង្កើនគុណភាពបច្ចេកទេសផងដែរ។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក លោក ជា ពៅ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតចំនួនពីរនេះ គឺការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ និងការប្រកួត The Singapore Tennis Invitational Cup (STIC) 2026 ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

អគ្គលេខាធិការរង លោក ជា ពៅ បន្ថែមថា ការប្រកួតកីឡាវាយកូនបាល់ជើងឯកនៅប្រទេសវៀតណាមគឺសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣នាក់ចូលរួមប្រកួតប្រជែង គឺកីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ។ ចំណែកឯការប្រកួតកីឡា The Singapore Tennis Invitational Cup (STIC) 2026 នៅប្រទេសសិង្ហបុរី គឺសហព័ន្ធត្រៀមបញ្ជូនជម្រើសជាតិ៤នាក់ទៅប្រកួត ដូចជា កីឡាការិនី ស៊ុម ចិន្តា កីឡាករ ឃ្លាំង ពន្លក កីឡាករ យឿន សុធឿន និងកីឡាករ ពៅ វិរៈ។

លោកអគ្គលេខាធិការរងសង្កត់ធ្ងន់ថា ក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់បំប៉នគុណភាពបច្ចេកទេស ចាប់តាំពីងខែមេសា ឆ្នាំ២០២៦ ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ត្រៀមគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា។ ការប្រកួតអន្តរជាតិនេះពិតជាសំខាន់ណាស់ ក្នុងការសន្សំពិន្ទុចំណាត់ថ្នាក់របស់កីឡាករកម្ពុជាយើង និងបង្កើនកម្រិតបច្ចេកទេសផងដែរ ដើម្បីត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនានាបន្ថែមទៀត ជាពិសេសសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយ នាឆ្នាំ២០២៧ ដែលប្រទេសសិង្ហបុរីទទួលរៀបចំធ្វើម្ចាស់ផ្ទះ ដោយមាន៥ប្រទេស ដោយផ្តោតលើ WTA ដែលផ្តោតលើការប្រកួតរបស់កីឡាការិនីចំណាត់ថ្នាក់ពិភពលោក។

លោកបន្ថែមថា ការប្រកួតពានរង្វាន់នារី នៅសិង្ហបុរី នាឆ្នាំ២០២៧ខាងមុខ គឺមានការចូលរួមពីប្រទេសចំនួន៥ ក្នុងអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ដោយម្ចាស់ផ្ទះ សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ខណៈភាពចំណេញពីការចូលរួមរបស់កម្ពុជា គឺនឹងទទួលបានបទពិសោធន៍នៃការប្រកួត បង្កើនកម្រិតបច្ចេកទេស ហើយអាចវាស់ស្ទង់ពីកម្រិតថាតើប្រទេសគេដើរដល់កម្រិតណា ហើយកម្ពុជាស្ថិតនៅចំណុចណា ហើយយកចំណុចខ្លាំង ចំណុចខ្សោយមកអភិវឌ្ឍបន្ថែម៕
ដោយ ហេង ណាលីន


