ឯកឧត្ដម លី ធុជ៖ អាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រជាជនជាមជ្ឈមណ្ឌល និងកសាងរដ្ឋបាលសកម្ម
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា៖ អាជ្ញាធរមូល ដ្ឋានត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៍ប្រជាជនជាមជ្ឈមណ្ឌល និងកសាងរដ្ឋបាលសកម្ម។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដូចខាងក្រោម ប្រកាន់ខ្ជាប់គោលការណ៍ ប្រជាជនជាមជ្ឈមណ្ឌល អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រែក្លាយខ្លួនឱ្យទៅជារដ្ឋបាលសកម្ម ដោយចុះជួបផ្ទាល់ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ផ្សព្វផ្សាយសមិទ្ធផលសង្គម៖ ជំរុញឱ្យអាជ្ញាធរស្រុក និងមូលដ្ឋាន បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល និងការរីកចម្រើនក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ពីវឌ្ឍនភាពជាក់ស្តែង ។ ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សន្តិវិធី និងមានទំនុកចិត្ត ។

លើកកម្ពស់គុណភាពជីវភាព និងសេវាសាធារណៈ៖ បន្តផ្តោតលើការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈឱ្យបានឆាប់ រហ័ស និងការរក្សាសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវស្មារតី បម្រើប្រជាជនដោយស្មោះត្រង់ និងការទទួលខុសត្រូវ ។
ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងស្មារតីសហការយ៉ាងជិតស្និទ្ធរបស់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញ ភារកិច្ច និងដោះ ស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជា ពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការទទួល ខុសត្រូវខ្ពស់ក្នុងការបំពេញការងារបន្ថែមទៀត ៕ ដោយ៖ សួស សំរិត





