រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
AKP កណ្ដាល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--
រដ្ឋបាលខេត្តកណ្ដាល សហការគណ:កម្មាការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដល់មន្រ្តីរាជការ និងកងកម្លាំងទាំងបី នៅទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា រួមជាមួយ លោក គ្រុយ ម៉ាឡេន អភិបាល រងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

លោក គ្រុយ ម៉ាឡេន អភិបាល រងខេត្តកណ្ដាល បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅបំផុត ចំពោះវត្តមានរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញ ផ្តល់កិត្តិយសជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)» នាឱកាសនេះ។ខេត្តកណ្តាល ក៏បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា បម្រើទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ឆ្ពោះទៅកាន់ការ សម្រេចចក្ខុវិស័យ ប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវ៉ាត់គាំទ្រសន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក ស្បៀង និងលំនៅឋាន» ប្រកបដោយភាពស៊ីវិល័យ ភាពធន់ និងបរិយាបន្ន សំដៅលើកស្ទួយកម្រិតជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។

ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានលេីកឡេីងថាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់ របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បាន ដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ព្រមទាំងវិធានការ នានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ។ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបាន ទូលំទូលាយរហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង រួម ជាមួយនឹងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និង លើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា, បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋ សមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការស្តីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ផ្សព្វផ្សាយឱ្យបានយល់ច្បាស់ពីដំណើរការការពារ និង សេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, ផ្សព្វផ្សាយជូនដល់ អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជំរុញឱ្យមានការ ចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





