កម្ពុជា-បារាំង ត្រៀមព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដើម្បីទាក់ទាញអ្នកវិនិយោគបារាំងចូលមកវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និង លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាលើ MOU នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា (CCIFC), ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង ប្រចាំកម្ពុជា (CCEF), ស្ថានទូតបារាំងប្រចាំកម្ពុជា និងបណ្ដាក្រុមហ៊ុន ដែលជាដៃគូឧបត្ថម្ភផងដែរ។


ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីពិធីចុះហត្ថលេខាលើ MOU ឯកឧត្ដម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា CCIFC មានសមាជិកស្រាប់នៅកម្ពុជាចំនួន២៧០។ តាមការរំពឹងទុក ក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ នៅខែវិច្ឆិកាខាងមុខ CCIFCសង្ឃឹមថានឹងមានក្រុមហ៊ុន ៤០០ ដែលនឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
បច្ចុប្បន្ន សភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង មានសមាជិកជាអ្នកវិនិយោគជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន Vinci ដែលធ្វើព្រលានយន្តហោះ ក្រុមហ៊ុនផលិតថ្នាំពេទ្យ ក្រុមហ៊ុនទាក់ទងនឹងវិស័យអប់រំ ក្រុមហ៊ុនវិនិយោគទាក់ទងនឹងសំណង់ ក្រុមហ៊ុនដែលទាក់ទងនឹងការផលិតសម្ភារប្រើប្រាស់ និងក្រុមហ៊ុនផលិតទឹកបរិសុទ្ធជាដើម។

ឯកឧត្ដម ប៉ែន សុវិជាតិ បានថ្លែងថា«ជាមួយនិងការរំពឹងទុក វេទិកាធុរកិច្ចរបស់យើងដែលដើរទន្ទឹមគ្នានឹងប្រព្រឹត្តឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ប្រាកដជានឹងទទួលបាននូវការចាប់អារម្មណ៍ និងការលើកទឹកចិត្តបន្ថែមទៀតថា ប្រទេសកម្ពុជាជាទីលានមួយដែលជាទីផ្សារមួយថ្មី និងជាទីផ្សារមួយប្រកបដោយក្តីសង្ឃឹមសម្រាប់អ្នកវិនិយោគបារាំង និងសម្រាប់អាជីវកម្មផងដែរ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងបន្តថា «យើងរំពឹងទុកថា វេទិកានេះនឹងទាក់ទាញបានភ្ញៀវជាក្រុមហ៊ុនច្រើនបន្ថែមទៀត។ ជាពិសេស គិតតាមនិន្នាការនៃបរិបទថ្មី ដែលយើងមិនរំពឹងទុកថា ត្រឹមតែក្រុមហ៊ុនដែលធ្វើការវិនិយោគ និងជួញដូរនៅក្នុងទំនិញធម្មតាទេ យើងមានការកែច្នៃកសិផល មានទំនិញដែលយើងធ្លាប់ធ្វើការនាំចេញនាំចូលទាំងអស់គ្នា ប៉ុន្តែយើងរំពឹងទុកថានឹងមានក្រុមហ៊ុនដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដូចជា AI ដូចជា innovative ។ល។ និង។ល។ ដែលអាចមកធ្វើវិនិយោគ………ហើយនឹងជួយជំរុញឱ្យវិស័យពាណិជ្ជកម្ម ឧស្សាហកម្មរូបវន្តកម្ពុជាអាចឈានទៅមុខបានថែមទៀត»។

សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង លើកកម្ពស់ដៃគូយុទ្ធសាស្ត្រ និងផ្តល់នូវការព្យាករណ៍ក្នុងលក្ខណៈពិសេស សម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និងលើសពីនោះផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សួស សាវី





