ក្រសួងយុត្តិធម៌កំពុងយកចិត្តទុកដាក់ចំពោះករណីដែលកើតឡើងនៅសាលា ដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វ ផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦---
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»។នេះបើតាមឯកឧត្តម ឯម ច័ន្ទមករា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា៖"យើងខ្ញុំបានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌"។
ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថាករណីនេះ ក្រសួងកំពុងធ្វើចំណាត់ ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំ ណាក់មន្ត្រីជំនាញ។ អ្នកនាំពាក្យថាក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួង៕

ដោយ៖ ប៊ុនរិទ្ធ





