ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច ដើម្បីដោះស្រាយបន្ត
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦---
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ដោះស្រាយកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌក្រសួងដោយឡែក និងក្របខណ្ឌអន្តរ ក្រសួង សរុបចំនួន ១០លើក ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ «ក្រសួងការងារតែងតែយកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរទាំងអស់។ កិច្ចប្រជុំចំនួន ១០លើកនេះ បង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងដែលអាចទទួលយកបាន និងធានាផលប្រយោជន៍សម្រាប់គ្រប់ភាគីពាក់ព័ន្ធ»។


បើតាមក្រសួងការងារ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពទទួលយកដំ ណោះស្រាយលើសំណើចំនួន ៣ចំណុច។ ដោយឡែក សំណើចំនួន ៣ចំណុចទៀត ដែលពាក់ព័ន្ធនឹងការប្រកួតប្រជែង គោលការណ៍កំណត់តម្លៃ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនទាន់ទទួល បានការឯកភាពរួមនៅឡើយ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនសំណើ កំណត់ហេតុកិច្ចប្រជុំ និងឯកសារពាក់ព័ន្ធទៅគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យ និងមានចំណាត់ការបន្តតាមនីតិវិធីជាធរមាន។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា គោលដៅរបស់យើង គឺរក្សាតុល្យភាពរវាងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនអ្នកបើកបរ និរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តទទួលយកកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅធានាផលប្រយោជន៍របស់គ្រប់ភាគី៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





