រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បណ្ឌិតពីររូប ដែលត្រូវទៅបន្តការសិក្សានៅប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះនិស្សិតជ័យលាភីពីររូប ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន និងបានផ្តល់អនុសាសន៍ណែនាំឱ្យពួកគេប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌ ខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធស្រាវជ្រាវថ្មីៗពីប្រទេសជប៉ុន ជាពិសេសចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សាឱ្យចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ AUN/SEED-Net-JICA ថ្នាក់បណ្ឌិត ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុនទាំងពីររូប កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈការត្រៀមខ្លួនឱ្យរួចរាល់ក្នុងការសម្របទៅនឹងរបៀបរស់នៅថ្មី ការហូបចុក និងការផ្លាស់ប្តូរអាកាសធាតុនៅប្រទេសជប៉ុន ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយសជាតិ តាមរយៈការចែករំលែកវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាដល់មិត្តភក្តិអន្តរជាតិ។

សូមជម្រាបជូនថា និស្សិតជ័យលាភីទាំងពីររូបនឹងត្រូវបន្តការសិក្សាលើជំនាញវិស្វកម្មដឹកជញ្ជូន និងរៀបចំទីក្រុងនៅ Yokohama National University និងជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំណីអាហារ នៅ Kyushu University ក្រោមគម្រោងអាហារូបករណ៍ AUN/SEED-Net-JICA៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





