ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤
AKP ប៉ៃលិន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-- ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី២៧ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំ ខែសីហា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន និង៣. បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើប វិល ត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅ តាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំណែកឱ្យខេត្តប៉ៃលិន យើងមានភាពរីកចម្រើនស្របតាម គោល នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត មានការស្ងើចសរសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕
ដោយ វួច ពឿន





