កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ខេត្តបន្ទាយមានជ័យ ផ្តោតលើការពង្រឹងការងារសន្តិសុខ សេវាសាធារណៈ និងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការបន្តយកចិត្តទុកដាក់លើស្ថានភាពនៅតាមព្រំដែន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គឺជាចំណុចសំខាន់ដែលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអភិបាល ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតាមបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមគ្នាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ស្ថាប័ន មិនត្រឹមតែរួមចំណែកដល់ការថែរក្សា និងពង្រឹងកិច្ចការការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ប្លែក វ៉ារី ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចនៅតាមព្រំដែន ព្រមទាំងការចូលរួមជួយសម្របសម្រួល និងគាំទ្រប្រជាពលរដ្ឋដែលភៀសសឹក និងប្រជាពលរដ្ឋដែលជួបការលំបាក។
តាមរយៈការលើកឡើងនេះ ក្រុមប្រឹក្សាខេត្តបានបង្ហាញពីការយកចិត្តទុកដាក់លើការរួមគ្នារវាងរដ្ឋបាលខេត្ត កងកម្លាំង និងមន្ត្រីជំនាញ ដើម្បីធានាថា សន្តិសុខ សុវត្ថិភាព និងការបម្រើប្រជាពលរដ្ឋត្រូវបានអនុវត្តន៍ស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។
ជាមួយនឹងការកោតសរសើរចំពោះលទ្ធផលការងារនាពេលកន្លងមក ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់លើការបន្តជំរុញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ដែលមានសក្តានុពលកើតមានបទល្មើស។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងជំរុញឱ្យមន្ត្រី និងកងកម្លាំងមានការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព។
ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តន៍គោលនយោបាយ “ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលកំពុងបង្កការព្រួយបារម្ភដល់សង្គម។ ក្នុងចំណោមបទល្មើសដែលត្រូវយកចិត្តទុកដាក់រួមមាន បទល្មើសពាក់ព័ន្ធនឹងក្មេងទំនើង ការជួញដូរគ្រឿងញៀន ការស្នាក់នៅ និងការប្រមូលផ្តុំរបស់ជនបរទេសដោយខុសច្បាប់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទម្រង់ ការឆ្លងដែនខុសច្បាប់ ព្រមទាំងការដឹកជញ្ជូនទំនិញគេចពន្ធ។
ក្រៅពីបញ្ហាសន្តិសុខ ឯកឧត្តម អ៊ុ រាត្រី ក៏បានជំរុញឱ្យបន្តពង្រឹងការអនុវត្ត និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនស្មារតីគោរពច្បាប់របស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់។

កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ មិនត្រឹមតែជាវេទិកាសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពការងារដែលបានអនុវត្តន៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងកម្លាំងពាក់ព័ន្ធ រួមគ្នាកំណត់អាទិភាព និងទិសដៅអនុវត្តន៍បន្តឱ្យកាន់តែច្បាស់លាស់៕
ដោយ ឈុន សារ៉ាត





