អភិបាលខេត្តបន្ទាយមានជ័យ៖ ការកែលម្អការផ្តល់សេវាសាធារណៈ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការ និងការរំពឹងទុករបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងប្រសិទ្ធ ភាព គុណភាព តម្លាភាព និងគណ នេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ ឆាប់រហ័ស ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្ត ម អ៊ុ រាត្រី អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំរួមលើកទី១ របស់គណៈកម្មការប្រតិបត្តិថ្នាក់ខេត្ត កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២ (ISD II ) ដែលរដ្ឋបាលខេត្តបន្ទាយ មានជ័យធ្វើជាម្ចាស់ផ្ទះ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧ ត្តម ជ័យ សម្បត្តិ ផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. លោកស្រី Sonia Carlotti លេខាទី១ និងជាប្រធានកម្មវិធីអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ លោកស្រី Cynthia Rutare ប្រធានប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev) លោកស្រី Friederike Burkert ប្រធានគ្រប់គ្រងកម្មវិធី ISD II ព្រមទាំងតំណាងខេត្តគោលដៅ និងដៃគូពាក់ព័ន្ធ សរុបជិត ១០០នាក់។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់ថា ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ មិនមែនជាការងាររបស់ស្ថាប័ន ឬអង្គភាពណាមួយតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួម និងសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្តោតសំខាន់លើប្រជា ពលរដ្ឋជាអ្នកទទួលផលចុងក្រោយ។

ឯកឧត្តមបានលើកឡើងថា ការផ្តល់សេវាដែលមានប្រសិទ្ធភាព គួរតែផ្អែក លើគោលការណ៍ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព គុណភាព និងការឆ្លើយតប។ ជាពិសេស មន្ត្រី និងស្ថាប័នផ្តល់សេវាត្រូវយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងខិតខំកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី ដើម្បីធានាថា ប្រជា ពលរដ្ឋអាចទទួលបានសេវាដោយងាយ ស្រួល និងទាន់ពេលវេលា។
ឯកឧត្តម អ៊ុ រាត្រី ក៏បានចាត់ទុកកិច្ចប្រជុំនេះថា ជាវេទិកាសំខាន់សម្រាប់ឱ្យខេត្តគោលដៅចែករំលែកបទពិសោធន៍ បញ្ហាប្រឈម មេរៀនដែលទទួលបាន និងលទ្ធផលនៃការអនុវត្តការងារ ព្រមទាំងពិភាក្សារកដំណោះស្រាយរួម ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធី ISD II កាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការនាំយកគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលទៅអនុវត្តឱ្យមានប្រ សិទ្ធភាពនៅមូលដ្ឋាន។ ក្នុងន័យនេះ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន និងការកែលម្អប្រព័ន្ធផ្តល់សេវា គឺជាចំណុចគន្លឹះមួយក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នសាធារណៈ។
ឯកឧត្តមបានបន្តថា ការអនុវត្តកម្មវិធី ISD II គួរតែផ្តោតទៅលើការបង្កើតការផ្លាស់ប្តូរជាក់ស្តែង ដែលប្រជាពលរដ្ឋអាចទទួលអារម្មណ៍ និងមើលឃើញបានតាមរយៈសេវាដែលមានគុណភាព កា រទទួលខុសត្រូវរបស់មន្ត្រី និងការឆ្លើយ តបកាន់តែលឿនចំពោះសំណើ ឬតម្រូវការរបស់ប្រជាពលរដ្ឋ។

ចំណុចសំខាន់មួយទៀតដែលឯកឧត្តម អ៊ុ រាត្រី បានលើកឡើង គឺការចែករំលែកបទពិសោធន៍រវាងខេត្តគោលដៅ។ ការចូលរួមរបស់ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងស្ទឹងត្រែង អាចបង្កើតជាបណ្តាញសហការមួយដែលអនុញ្ញាតឱ្យខេត្តនីមួយៗសិក្សាពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក និងយកបទពិសោធន៍ដែលសមស្របទៅកែសម្រួលប្រើប្រាស់តាមបរិបទមូលដ្ឋានរបស់ខ្លួន។
តាមរយៈកិច្ចប្រជុំនេះ ការផ្លាស់ប្តូរមតិយោប ល់រវាងរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ត្រូវបានរំពឹងថា នឹងជួយកំណត់បានកាន់តែច្បាស់អំពីបញ្ហាប្រឈមក្នុងការផ្តល់សេវា ព្រមទាំងរកវិធីសាស្ត្រថ្មីៗសម្រាប់កែលម្អប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ (GIZ) និង លេខា ធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) រួមជាមួយដៃគូពាក់ព័ន្ធ ក្នុងគោលបំណងរួមចំណែកដល់ការធ្វើឱ្យប្រព័ន្ធផ្តល់សេវាសាធារណៈនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងផ្តោតលើតម្រូវការរបស់ប្រជាពលរដ្ឋ។
ជារួមកិច្ចប្រជុំរួមលើកទី១នេះ មិនត្រឹមតែជាវេទិកាពិភាក្សាអំពីការអនុវត្តកម្មវិធី ISD II ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ពង្រឹងកិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមាន គុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរចំពោះប្រជាពលរដ្ឋ។

សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ក៏បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ខេត្តក្នុងដំណើរការកែលម្អអភិបាលកិច្ច និងសេវាសាធារណៈ ព្រមទាំងការប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវារដ្ឋកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្របតាមទិសដៅនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕
ដោយ ៖ឈុនសារ៉ាត





