បាក់ឌុបចប់ហើយ រៀនអ្វីបន្ត? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បើកទ្វារ ៧ជំនាញ សម្រាប់អនាគត
AKP សៀមរាប ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបាក់ឌុបថ្មីៗនេះឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតសញ្ញាជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល ២ឆ្នាំ) ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុនវិស័យឯកជន រោងចក្រ សហគ្រាស ព្រមទាំងអាចយកទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។

បើតាមរបាយការណ៍របស់វិទ្យាស្ថាន ការសិក្សាផ្តោតលើជំនាញទាំង ៧ រួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។
កម្មវិធីសិក្សារបស់វិទ្យាស្ថានត្រូវបានរៀបចំឡើងតាមស្តង់ដារប្រទេសសិង្ហបុរី ប្រទេសកូរ៉េ (KOICA) និងក្រុមហ៊ុនដំឡើងរថយន្ត FORD ដែលឆ្លើយតបទៅនឹងតម្រូវការជំនាញរបស់ទីផ្សារការងារ និងជួយឱ្យយុវជនមានសមត្ថភាពជាក់ស្តែងសម្រាប់ត្រៀមខ្លួនប្រឡូកចូលទៅកាន់ទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងអាគត។

តាមរបាយការណ៍របស់វិទ្យាស្ថាន ទិន្នន័យនិស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦ បានទទួលការបណ្តុះបណ្តាលមានចំនួន ១,៣២៤នាក់ ស្រី ១៧២នាក់។ វិទ្យាស្ថាននឹងរៀបចំកម្មវិធីប្រឡងបញ្ចប់ការសិក្សាដល់និស្សិតឆ្នាំទី២ ដែលក្នុងមាននិស្សិតចំនួន ៥៨១នាក់ ស្រី ៨៦នាក់ ដែលនឹងត្រៀមប្រឡងបញ្ចប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ផែនការឆ្នាំសិក្សាថ្មី វិទ្យាស្ថានកំពុងផ្សព្វផ្សាយជ្រើសរើសសិស្សចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបញ្ចប់បាក់ឌុបនាពេលថ្មីៗនេះគួរចាប់យកជំនាញស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព មានការងារសមរម្យ និងទទួលបានប្រាក់ចំណូលប្រកបដោយស្ថេរភាព។

តាមរយៈការបើកទូលាយនូវជម្រើសជំនាញបច្ចេកទេស វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងចូលរួមចំណែកសកម្មក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញពិត ស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល (យុវជន ១ ជំនាញ ១) ដើម្បីឱ្យយុវជនមានជំនាញប្រើប្រាស់បានជាក់ស្តែង ពង្រឹងសមត្ថភាពប្រកួតប្រជែង និងឈានទៅរកការងារ និងប្រាក់ចំណូលប្រកបដោយចីរភាព៕

ដោយ៖ គង់ សិរីរ័ត្ន





