គម្រោងគជ់ ជួយសហគមន៍តំបន់ការពារធម្មជាតិស្ករក្រូច ដើម្បីស្តារព្រៃដែលបានបាត់បង់ ៣៩ហិកតា
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ក្រោមការគាំទ្រពី គម្រោងគជ់ តារយក្រសួងបរិស្ថាន ប្រជាជន និងអាជ្ញាធរនៅខេត្តកំពង់ធំនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តដាំកូនឈើចំនួន ២៨ ០០០ដើមទៀត លើផ្ទៃដី ៣៩ហិកតា នៅសហគមន៍តំបន់ការពារធម្មជាតិស្ករក្រូច ដើម្បីស្តារព្រៃដែលបានបាត់បង់ ។

ដោយមានការដឹកនាំពីក្រសួងបរិស្ថាន តាមរយៈគម្រោងគជ់ សកម្មភាពនេះបានប្រមូលផ្តុំ សហគមន៍តំបន់ការពារធម្មជាតិស្ករក្រូច និងអាជ្ញាធរដើម្បីចូលរួមដាំកូនឈើ ក្នុងតំបន់ដែលព្រៃសឹករេចរឹលដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស។ ផ្នែកខ្លះនៃព្រៃឈើត្រូវបានខូចខាតដោយភ្លើងឆេះព្រៃ កត្តាធម្មជាតិ និងការកាប់ទន្ទ្រានព្រៃយកដីធ្វើកសិកម្មជាដើម។ ការស្តារតំបន់ទាំងនេះឡើងវិញអាចជួយនាំយកព្រៃឈើដែលបានបាត់បង់ ត្រឡប់មកវិញ អាចការពារដី និងទឹក និងផ្តល់ព្រៃឈើដែលមានសុខភាពល្អសម្រាប់សហគមន៍អាស្រ័យផលតទៅខាងមុខ។

គម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង កំពុងធ្វើការជាមួយសហគមន៍ មិនត្រឹមតែលើការងារដាំកូនឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារព្រៃឈើដែលនៅសេសសល់ និងថែទាំតំបន់ដែលទើបស្តារឡើងវិញ ដើម្បីឱ្យដើមឈើអាចលូតលាស់ និងព្រៃឈើអាចលូតលាស់ឡើងវិញតាមពេលវេលា ៕

ដោយ៖ ណយ នឿន (ប្រភព៖គម្រោងគជ់)





