គម្រោងគជ់ជួយដាំកូនឈើនៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ខេត្តកំពង់ធំលើផ្ទៃដីទំហំ៤៣ហិកតា ដើម្បីស្តារព្រៃនៅទីនោះឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--គម្រោងគជ់ និងអាជ្ញាធរនៅខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដាំកូនឈើចំនួន ៣១ ០០០ដើម លើផ្ទៃដីទំហំ៤៣ហិកតា នៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ដើម្បីស្តារព្រៃដែលបានបាត់បង់ ។

ការដាំកូនឈើឡើងវិញនេះ ដឹកនាំដោយក្រសួងបរិស្ថាន តាមរយៈគម្រោងគជ់ សកម្មភាពនេះបានប្រមូលផ្តុំសហគមន៍មូលដ្ឋាន និងអាជ្ញាធរដើម្បីចូលរួមដាំកូនឈើ ក្នុងតំបន់ដែលព្រៃសឹករេចរឹលដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស។ ផ្នែកខ្លះនៃព្រៃឈើត្រូវបានខូចខាតដោយភ្លើងឆេះព្រៃ កត្តាធម្មជាតិ និងការកាប់ទន្ទ្រានព្រៃយកដីធ្វើកសិកម្មជាដើម។ ការស្តារតំបន់ទាំងនេះឡើងវិញអាចជួយនាំយកព្រៃឈើដែលបានបាត់បង់ ត្រឡប់មកវិញ អាចការពារដី និងទឹក នឹងផ្តល់ព្រៃឈើដែលមានសុខភាពល្អសម្រាប់សហគមន៍អាស្រ័យផលតទៅខាងមុខ។

គម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង កំពុងធ្វើការជាមួយសហគមន៍មិនត្រឹមតែលើការងារដាំកូនឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារព្រៃឈើដែលនៅសេសសល់ និងថែទាំតំបន់ដែលទើបស្តារឡើងវិញ ដើម្បីឱ្យដើមឈើអាចលូតលាស់ និងព្រៃឈើអាចលូតលាស់ឡើងវិញតាមពេលវេលា ៕

ដោយ ណយ នឿន (ប្រភព៖គម្រោងគជ់)





