អភិបាលរងខេត្តបន្ទាយមានជ័យ៖ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នាយកចិត្តទុកដាក់លើកិច្ចការពារកុមារ ដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
AKPបន្ទាយមានជ័យថ្ងៃទី២៨ខែសីហាឆ្នាំ២០២៦--គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នាយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត ក្នុងការការពារ និងគាំទ្រដល់កុមាររងគ្រោះ និងងាយរង គ្រោះ ដើម្បីធានាថា ពួកគេទទួលបាននូវកិច្ចការពារគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេស។

ប្រសាសន៍ដាស់តឿន និងរំលឹកបែបនេះ ត្រូវបានលើកឡើងដោយ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ មានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខា សាលាស្តីពី «យន្តការ និងលំហូរនៃការកំណត់អត្តសញ្ញាណ រាយការណ៍ បញ្ជូន និងគ្រប់គ្រងករណីកុមារនៅថ្នាក់ក្រោមជាតិ» កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំការិយាល័យមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងស្តារនីតិសម្បទា (PTRC) អគារថ្មី ក្នុងក្រុងប៉ោយប៉ែត។

ពិធីនេះ មានការចូលរួមយ៉ាងកុះករពីសំណាក់ លោក លោកស្រី អភិបា ល-អភិបាលរងក្រុង/ស្រុក កងកម្លាំងនគរបាល ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានសង្កាត់ ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រសាសន៍បើកសិក្ខាសាលា លោក យឹម សំណាង បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពីសារសំខាន់នៃការបង្កើតនូវប្រព័ន្ធឆ្លើយតបមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយលោកបានសម្តែងនូវការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការស៊ីវិល ត្រូវតែបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ និងសហការគ្នាជាធ្លុងមួយ ក្នុងការរាយការណ៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះរាល់ករណីរំលោភបំពាន ឬហានិភ័យផ្សេងៗដែលកើតមានលើកុមារ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា «កុមារគឺជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ជាតិ ដូច្នេះការធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ពួកគេ គឺជាកាតព្វកិច្ចមិនអាចខ្វះបានឡើយ។ យើងត្រូវរួមគ្នាបង្កើតនូវបរិស្ថានប្រកបដោយសុវត្ថិភាព តាមរយៈការអនុវត្តយន្តការបញ្ជូន និងគ្រប់គ្រងករណីកុមារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត»។
គួរបញ្ជាក់ថា សិក្ខាសាលាដ៏មានសារសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗរួមមានពង្រឹងសមត្ថភាពប្រតិបត្តិករ៖បង្កើនចំណេះដឹង និងជំនាញបច្ចេកទេសដល់មន្ត្រីអនុវត្តការងារកិច្ចការពារកុមារនៅថ្នាក់ក្រោមជាតិ។

ពង្រឹងយន្តការបញ្ជូន និងទទួលសេវាធានាថាការកំណត់អត្តសញ្ញាណ និងការបញ្ជូនកុមាររងគ្រោះទៅទទួលសេវាគាំទ្រ ធ្វើឡើងបានឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព។លើកកម្ពស់ការការពារបង្កើនកិច្ចការពារចំពោះកុមាររងគ្រោះ និងកុមារដែលងាយរងគ្រោះ ឱ្យចៀសផុតពីការកេងប្រវ័ញ្ច និងការហិង្សាគ្រប់រូបភាព។
ពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងដៃគូរវាងអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច និងអង្គការដៃគូអភិវឌ្ឍន៍ ឱ្យកាន់តែមានធ្លុងមួយក្នុងការឆ្លើយតបករណីកុមារ៕
ដោយ៖ ឈុនសារ៉ាត





