អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា ការពិចារណាលើការបង្កើត "គណៈកម្មាធិការ/អ្នកសង្កេតការណ៍សភា" ដែលសម្តេចតេជោបានលើកឡើង គឺស្ថិតក្នុងក្របខ័ណ្ឌអន្តរជាតិ ICAPP
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- "គណៈកម្មាធិការ/អ្នកសង្កេតការណ៍សភា" ដែលសម្តេចតេជោប្រធានព្រឹទ្ធសភាបានលើកឡើងនោះ គឺបង្កើតឡើងក្នុងក្របខ័ណ្ឌអន្តរជាតិ (ICAPP) ក្នុងគោលបំណងដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិមានក្រុមអ្នកសង្កេតការណ៍ ក្នុងការចុះពិនិត្យមើលស្ថានភាពផ្ទាល់ នៅតំបន់ដែលមានជម្លោះ ឬមានការរំលោភច្បាប់អន្តរជាតិ ដើម្បីជាសំឡេងបន្ថែមមួយទៀត ជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធី។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ។

ឯកឧត្ដម ជា ធីរិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសមនាឱកាសសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនទានដ៏មានសារសំខាន់មួយ ដោយបានផ្តល់អនុសាសន៍ឱ្យក្រុមប្រទេសសមាជិក ISC ពិចារណាលើលទ្ធភាពនៃការបង្កើត «ភ្នាក់ងារសង្កេតការណ៍» របស់ស្ថាប័ននីតិប្បញ្ញត្តិ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងបន្ថែមទម្ងន់លើការឃ្លាំមើលការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយវិបត្តិនានានៅក្នុងតំបន់។

បើតាមឯកឧត្ដម ជា ធីរិទ្ធ បច្ចុប្បន្ន មានតែស្ថាប័ននីតិប្រតិបត្តិ (រដ្ឋាភិបាល) ប៉ុណ្ណោះដែលមានយន្តការសង្កេតការណ៍ ឬបេសកកម្មរក្សាសន្តិភាព។ ឯកឧត្ដមអ្នកនាំពាក្យបានឱ្យដឹងទៀតថា ដូច្នេះ ប្រសិនបើស្ថាប័ននីតិប្បញ្ញត្តិ អាចបង្កើតភ្នាក់ងារសង្កេតការណ៍ផ្ទាល់ខ្លួនបាននោះ វានឹងក្លាយជាឧបករណ៍បន្ថែមទម្ងន់មួយទៀតក្នុងការធ្វើរបាយការណ៍ និងដាក់សម្ពាធផ្នែកការទូតឱ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ។
ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា ទស្សនទានរបស់សម្តេចតេជោនេះ នឹងត្រូវយកទៅពិភាក្សា និងពិចារណាយ៉ាងល្អិតល្អន់ក្នុងចំណោមប្រទេសជាសមាជិក ISC ទាំងអស់ ដើម្បីកំណត់ពីយន្តការ និងវិធីសាស្ត្រនៃការអនុវត្តជាក់ស្តែង ក្នុងគោលដៅពង្រឹងតួនាទីរបស់សភាក្នុងការថែរក្សាសន្តិភាព។
ឯកឧត្តមអ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាននៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គណៈប្រតិភូបានថ្លែងអំណរគុណចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏សំខាន់នៅក្នុងការរួមចំណែកដោះស្រាយបញ្ហារបស់តំបន់ ក៏ដូចជាពិភពលោកដែរ។ និយាយរួម គឺគណៈប្រតិភូបានកលើកសរសើរតួនាទី និងបានបង្ហាញពីអារម្មណ៍នៅពេលដែលមកដល់ប្រទេសកម្ពុជា ដោយបានឃើញនូវភាពស្រស់ស្អាតរបស់កម្ពុជា។
ឯកឧត្ដមអ្នកនាំពាក្យបានរំលេចឱ្យដឹងផងដែរថា ប្រធានបទមានភាពប្រទាក់ក្រឡាគ្នាណាស់ «ពង្រឹងច្បាប់អន្តរជាតិ ដោះស្រាយវិបត្តិដោយសន្តិវិធី»។ ដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធី ផ្អែកលើការចរចា ក៏ប៉ុន្តែវាក៏ត្រូវពឹងផ្អែកទៅលើច្បាប់អន្តរជាតិដែរ។ បើគ្មានច្បាប់អន្តរជាតិ ឬដើរចេញពីច្បាប់អន្តរជាតិ ក៏មិនអាចដោះស្រាយបញ្ហាដោយសន្តិវិធីដែរ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ប្រធានបទដែលយើងបានចងក្រង ដែលរៀបចំសុទ្ធតែប្រទាក់ក្រឡា ហើយស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលត្រូវគិតគូរ មិនថាប្រទេសតូច មិនថាប្រទេសធំទេ ត្រូវតែឈរលើស្មារតីនៃច្បាប់អន្តរជាតិ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការយកកម្លាំងយោធាទៅកាប់សម្លាប់គ្នា ដែលមិនអាចធានាបាននូវការដោះស្រាយដោយចីរភាព ឬស្ថិរភាពយូរអង្វែងទេ៕
ដោយ៖ ទេស ច័ន្ទសុធារី





