សម្តេចតេជោ ហ៊ុន សែន៖ ទោះជាយ៉ាងណាជោគវាសនាកម្ពុជា មិនត្រូវស្ថិតក្នុងចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្នី សីទប្រធានសភា នៃអន្តរសភាលើកទី២ បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណាជោគវេសនាកម្ពុជា មិនត្រូវស្ថិតក្នុងចុងប៊ិចរបស់ប្រទេសមហាអំណាចណាមួយនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ការគូសបញ្ជាក់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភាបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្នីសីទប្រធានសភា នៃអន្តរសភាពលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជោគវេសនានៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃផ្ទាល់យ៉ាងពិតប្រាកដ។ គួរប្រើប្រាស់សន្នីសីទដើម្បីពង្រឹងឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះថ្នាក់អន្តរជាតិការរស់នៅជាមួយគ្នាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមកនិងភាពរុងរឿងរួមគ្នា ហើយយើងត្រូវពង្រឹងការទូតសភាដើម្បីជាកម្លាំងចលករក្នុងកិច្ចសន្ទនា និង សន្តិភាព»។ សម្តេចតេជោបានលើកឡើងថា ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិមិនអាចឈរមើលតែការអនុវត្តច្បាប់នោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺប្រព័ន្ធ នៃការបង្រៀនទុកជាមុន និងហេដ្ឋារចនាសម្ព័ន្ធពិតប្រាកដគឺស្ថិតក្នុងបណ្តាញសមាជិកសភារឹងមាំដែលប្រកបដោយ គតិបណ្ឌិត និងបទពិសោធន៍។ សម្ដេចតេជោបានបន្ថែមថា យើងអាចផ្តល់សញ្ញាអាសន្ន ឱ្យគ្នាទៅវិញទៅមក និងសម្របសម្រួលរៀបចំរនាំងការពារជាលក្ខខណ្ឌអន្តរជាតិឱ្យបានឆាប់រហ័ស ដើម្បីរារាំងភ្នំភ្លើងនូវជម្លោះកុំឱ្យរាលដាលទៅជាភ្លើងឆាបឆេះពេញ នៅក្នុងតំបន់។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសរំលេចផងដែរថា៖ «អ្វីដែលយើងធ្លាប់ជឿជាក់ថា ជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ»។

សម្តេចតេជោបានឱ្យដឹងទៀតថា ការជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្តូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះក្នុងនាមជាតំណាង ដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ «កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកល ដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា យើងត្រូវត្រៀមខ្លួន សម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាន នូវស្ថានភាពដែលល្អបំផុត»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា តថភាពជាក់ស្តែង គឺថាពិភពលោករបស់យើងបានផ្លាស់ប្តូរទៅរករបត់ថ្មីដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ “ស្ថានភាពចលាចល” ជាប្រចាំ ហើយយុគសម័យ ដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ “ភាពជាអ្នកដឹកនាំផ្នែក សីលធម៌” នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោ-បាយយ៉ាងខ្លាំងក្លា។ សម្ដេចតេជោបានអះអាងផងដែរថា៖ «អ្វីដែលយើងធ្លាប់ជឿជាក់ថា ជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរ ស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រ ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដែរថា ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូច ជា បានបរាជ័យក្នុងការរៀនសូត្រពី មេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រ។ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែជាអកុសល ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ៕
ដោយ៖ ប៊ុនរិទ្ធ





