លោកជំទាវ លំ គន្ធារីនាំយកថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនជួនដល់គ្រួសារសពលោកស្រី ហួត ឈឿន នៅស្រុកសណ្តាន់
AKP កំពង់ធំ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦បានចូលរួមរំលែកទុក្ខ និងនាំយកថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រគល់ជូនគ្រួសារសពលោកស្រី ហួត ឈឿនដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅភូមិបឹងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាពការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជួយគ្នាក្នុងគ្រាលំបាកដើម្បីរំលែកទុក្ខគ្រួសារដែលកំពុងជួបប្រទះការបាត់បង់មនុស្សជាទីស្រឡាញ់ ពិសេសជួយសម្រាលបន្ទុកក្នុងការប្រារព្ធពិធីបុណ្យសពរបស់លោកស្រី ហួត ឈឿនគឺជាកូនស្រីរបស់វីរនារី សេក សដែលមានគុណបំណាច់ដ៏ធំធេងនាសម័យប៉ុល ពត។

មរណភាពរបស់លោកស្រី ដោយមានការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានព្រមទាំងសប្បុរសជននានារួមមាន៖ថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ចំនួន២លានរៀល,ថវិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តចំនួន១លានរៀល,រដ្ឋបាលស្រុកសណ្តាន់ចំនួន៥០ម៉ឺនរៀលនិងថវិកាលោកជំទាវ ឃូន ឃុនឌី អនុប្រធានកិត្តិយស,លោកជំទាវ យស ថានារី អនុប្រធានកិត្តិយស,លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិព្រមទាំងសហការីសចំនួន៦៧ម៉ឺនរៀលបានប្រគល់ជូនគ្រួសារសព៕


ដោយ ស៊ុម វណ្ណា





