កិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការស្តីពីសុខមាលភាព និងសុវត្ថិភាពអាងទន្លេសាប រវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី សហប្រតិបត្តិការលើការអនុវត្តការងារសុខមាលភាព និងសុវត្ថិភាពអាងទន្លេសាប រវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិនៃវិស័យធនធានទឹក និងឧតុនិយម ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសាលប្រជុំទីស្តីការក្រសួង នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធានាឱ្យផែនការមេអាងទន្លេសាបមានភាពស៊ីសង្វាក់គ្នា ដោយផ្តោតលើសុវត្ថិភាព សុខមាលភាព និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិធនធានទឹក និងឧតុនិយមឱ្យកាន់តែរលូន។


ឯកឧត្តមបានបន្ថែមថា កិច្ចសហប្រតិបត្តិការដឹកនាំដោយអាជ្ញាធរទន្លេសាប មានសារៈសំខាន់យុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងចងក្រងទិន្នន័យធនធានទឹក-ឧតុនិយម ដើម្បីរៀបចំផែនការមេអាងទន្លេឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ អាជ្ញាធរទន្លេសាបនឹងរៀបចំយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយជាក់ស្តែង ដើម្បីធានាសុខមាលភាព សុវត្ថិភាព និងសន្តិសុខអាងទន្លេសាបប្រកបដោយចីរភាព៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





