វាយសីកម្ពុជារកបានមេដាយប្រាក់ ៣គ្រឿងលើវិញ្ញាសាក្រុម ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--កម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម នៅក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ ខណៈមេដាយមាសបានទៅលើប្រទេសមីយ៉ាន់ម៉ា។

ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ការប្រកួតវិញ្ញាសាជាក្រុមហើយ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាទាំង៣ប្រភេទអាយុ គឺអាយុក្រោម១៦ឆ្នាំ ក្រោម១៩ឆ្នាំ និងក្រោម២៣ឆ្នាំ ប្រជែងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីចាញ់ប្រទេសមីយ៉ានម៉ាក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្នុងវគ្គបញ្ចប់ការប្រកួតវិញ្ញាសាជាក្រុមនេះ គឺមានការអញ្ជើញផ្តល់កិត្តិយសបំពាក់បំពាក់មេដាយជូនជ័យលាភីពីឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ និង លោក គីម ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី។
ថ្លែងប្រាប់ក្រោយការប្រកួត លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិវាយសីបានលើកឡើងថា នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រកួតដណ្តើមយកមេដាយមាសនេះ កូនក្រុមរបស់លោកប្រឹងប្រែងធ្វើបានល្អហើយ ប៉ុន្តែការរំពឹងមេដាយមាសគឺយើងមិនអាចដណ្តើមបានឡើយ ដោយដណ្តើមបានត្រឹមមេដាយប្រាក់ទាំង៣វិញ្ញាសានេះ ខណៈមីយ៉ាន់ម៉ាគេធ្វើបានល្អគឺបច្ចេសទេសខ្ពស់ជាងយើង។ ទោះជាយ៉ាងណាក្តី កីឡាករកីឡាការិនីម្ចាស់ផ្ទះបានលេងបញ្ចេញគុណផលអស់ពីលទ្ធភាព ដើម្បីចង់ប្រជែងដណ្តើមមេដាយមាសជូនជាតិ ប៉ុន្តែអត្តពលិកកម្ពុជាមិនអាចដណ្តើមបាន។

ជាមួយគ្នានេះ កីឡាការិនី លឿង ម៉ាលីនិច្ច បានបង្ហាញការសោកស្តាយ ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ាបាត់បង់មេដាយមាស នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ ប៉ុន្តែយ៉ាងណាម្ចាស់មេដាយមាសវាយគូនារីឆ្នាំ២០២៥រូបនេះ ក៏បានបង្ហាញក្តីសង្ឈឹមខ្ពស់ថា នឹងអាចការពារតំណែងមេដាយមាសបាន និងបន្ថែមនូវសមិទ្ធផលមេដាយមួយចំនួនលើសមុន ខណៈដែលដែលនាងនៅសល់២វិញ្ញាសាទៀត នឹងបន្តការប្រកួត។

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាក្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ វិញ្ញាសាប្រកួតជាក្រុមដំណើរពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែ សីហា ដែលបានបញ្ចប់លើវិញ្ញាសាជាក្រុម ដោយប្រទេសមីយ៉ាន់ម៉ាដណ្តើមបានមេដាយមាសទាំង៣ប្រទេសអាយុ។ រីឯម្ចាស់ផ្ទះកម្ពុជាដណ្តើមបានជើងឯករងមេដាយប្រាក់ទាំង៣ប្រភេទអាយុមានអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៩ឆ្នាំ និងអាយុក្រោម២៣ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការប្រកួតជាក្រុម វិញ្ញាសាប្រកួតឯកក្តជន វាយគូ និងវាយគូចម្រុះនឹងដំណើរការរហូតដល់ថ្ងៃទី២១ទើបបញ្ចប់ការប្រកួតទាំងស្រុង៕
ដោយ ហេង ណាលីន





