កិច្ចសន្យាផលិតកម្មស្រូវលើផ្ទៃដីជាង ១,៣០០ហិកតាធានាទីផ្សារ និងប្រាក់ចំណូលជូនកសិករមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--វិស័យកសិកម្មកម្ពុជាកំពុងបង្ហាញនូវរបត់វិជ្ជមានយ៉ាងច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរពីការផលិតតាមទម្លាប់ មកជា ការផលិតបែបពាណិជ្ជកម្មមានកិច្ចសន្យាច្បាស់លាស់។ ជាក់ស្តែង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី «ការផលិត និងផ្គត់ផ្គង់ស្រូវ» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម រវាង សហគមន៍កសិកម្មទំនើប ដំណាំស្រូវមង្គលបូរីជោគជ័យ ជាមួយ ក្រុមហ៊ុន ខ្មែរហ៊្វួតគ្រុប (Khmer Food Group) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រចាំតំបន់នេះ ក៏មានការចូលរួមពី លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ, លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ព្រមទាំងតំណាងក្រុមហ៊ុន សហគមន៍កសិករ និងភាគីពាក់ព័ន្ធសរុបចំនួន ៦២ នាក់ (ស្ត្រី ១៥ នាក់)។
តាមរយៈកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ក្រុមហ៊ុន ខ្មែរហ៊្វួតគ្រុប បានយល់ព្រមទទួលទិញផលស្រូវពីសហគមន៍កសិកម្មទំនើបមង្គលបូរីជោគជ័យ លើផ្ទៃដីបង្កបង្កើនផលសរុប ១,៣១៩ ហិកតា ដែលរំពឹងថានឹងប្រមូលផលបានបរិមាណស្រូវសរុបប្រមាណ ៥,៦៥៧ តោន។

កិច្ចសន្យានេះមិនត្រឹមតែជាការទិញ-លក់ធម្មតានោះទេ ប៉ុន្តែជា ស្ពានចងភ្ជាប់ រវាងខ្សែច្រវាក់ផលិតកម្មកសិករផ្ទាល់ ទៅកាន់ទីផ្សារកែច្នៃ និងនាំចេញរបស់វិស័យឯកជនលុបបំបាត់ហានិភ័យតម្លៃ កសិករលែងព្រួយបារម្ភរឿងឈ្មួញកាត់ថ្លៃ ឬគ្មានទីផ្សារនៅពេលប្រមូលផល។ធានាបរិមាណ និងគុណភាព ភាគីទាំងពីរធ្វើការរួមគ្នាដើម្បីផលិតស្រូវឱ្យស្របតាមស្តង់ដារដែលទីផ្សារតម្រូវ។បង្កើនទំនុកចិត្ត បង្កើតភាពជាដៃគូរឹងមាំ រវាងអ្នកផលិត (កសិករ) និងអ្នកទិញ (វិស័យឯកជន)។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពីសារសំខាន់នៃការចងក្រងជា សហគមន៍កសិកម្មទំនើប។ ឯកឧត្តមបានមានប្រសាសន៍ធ្ងន់ៗថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មនាពេលនេះ គឺជាសាក្សីយ៉ាងច្បាស់នៃការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃដើម ជួយធានាតម្លៃ និងពង្រឹងអំណាចតស៊ូមតិរបស់កសិករលើទីផ្សារ។
«ការរួមគ្នាក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប មិនត្រឹមតែជួយឱ្យកសិករទិញជី ថ្នាំ ឬពូជបានក្នុងតម្លៃទាបជាងទីផ្សារ និងទទួលបានបច្ចេកទេសប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាកម្លាំងផលិតដ៏ធំមួយ ដែលអាចចុះកិច្ចសន្យាផ្គត់ផ្គង់ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗដូចជា ខ្មែរហ៊្វួតគ្រុប បានយ៉ាងមានទំនុកចិត្ត។ នេះគឺជាគំរូនៃកសិកម្មវៃឆ្លាត ដែលផ្លាស់ប្តូរជីវភាពកសិករឱ្យកាន់តែរឹងមាំ និងមានចីរភាព» ។
ការចុះហត្ថលេខានៅស្រុកមង្គលបូរីនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា គំរូ «សហគមន៍កសិកម្មទំនើប» មិនមែនគ្រាន់តែជាទ្រឹស្តីនោះទេ ប៉ុន្តែវាជាដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមរបស់កសិករ។

ការភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាង រដ្ឋ-សហគមន៍-វិស័យឯកជន នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញឱ្យស្រូវកម្ពុជារក្សាបាននូវគុណភាពខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយចីរភាព ៕
ដោយ ឈុន សារ៉ាត





