គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បើកសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅស្រុកស្អាង
AKP កណ្តាល ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ -- លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ សៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម» នៅស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីកំណត់អំពីទស្សនវិស័យ គោលនយោបាយ និងវិធានការជាក់ស្តែងក្នុងការទប់ស្កាត់ ការពារ និងឆ្លើយតបទៅនឹងសកម្មភាពភេរវកម្មគ្រប់ទម្រង់។ ការផ្សព្វផ្សាយនាពេលនេះ មានគោលបំណងផ្តល់ការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីខ្លឹមសារ និងមាតិកាសំខាន់ៗដែលមាននៅក្នុងផែនការជាតិ។បង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ និងពង្រឹងសមត្ថភាពជួរមុខរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រមូលព័ត៌មាន ក្តាប់សភាពការណ៍ និងបង្ការទប់ស្កាត់អំពើភេរវកម្មជាមុន។

ឯកឧត្តម បានជម្រុញ និងអំពាវនាវដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ស្ដាប់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋក្នុងស្រុកស្អាង ក៏ដូចជាខេត្តកណ្តាលទាំងមូល។
ថ្លែងនៅក្នុងពិធីនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់អំពីសារសំខាន់នៃការរៀបចំសិក្ខាសាលានេះឡើង ដោយលោកបានសង្កត់ធ្ងន់ថា បញ្ហាភេរវកម្ម គឺជាប្រធានបទសកល ដែលទាមទារឱ្យមានកិច្ចសហការ និងការយល់ដឹងស៊ីជម្រៅពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីត្រៀមលក្ខណៈ និងឆ្លើយតបបានទាន់ពេលវេលា។

ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការ និងតំណាងអាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាងជាច្រើនរូប។ សិក្ខាកាមទាំងអស់បានស្តាប់ការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីវាគ្មិនជំនាញ អំពីក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានយុទ្ធសាស្ត្រ រចនាសម្ព័ន្ធសម្របសម្រួល និងនីតិវិធីប្រតិបត្តិស្តង់ដារ ក្នុងការឆ្លើយតបនឹងវិបត្តិភេរវកម្មយ៉ាងយកចិត្តទុកដាក់ ដើម្បីជាគន្លឹះក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





