ក្រុមខេត្តព្រះសីហនុតាមស្មើខេត្តកែប ៣-៣ វគ្គសន្សំពិន្ទុពូល E ពានសម្តេចតេជោ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ខេត្តព្រះសីហនុតាមស្មើក្រុមខេត្តកែប ដោយលទ្ធផល ៣ទល់៣ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល E សប្តាហ៍ទី៤ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៃពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២០២៧។

ក្រុមម្ចាស់ផ្ទះ ខេត្តកែបបានបើកការនាំមុខ ដោយកីឡាករ អេង ដេវិត នៅនាទី២៤ រហូតដល់បញ្ចប់វគ្គទី១។ ចូលវគ្គទី២ ក្រុមខេត្តកែបធ្វើសម្រេចបានគ្រាប់ទី២ ដោយកីឡាករ ឧម ម៉ារីគី នៅនាទី៤៦ ខណៈក្រុមខេត្តព្រះសីហនុ ធ្វើសម្រេចបាន១គ្រាប់តាមពីក្រោយដោយកីឡាករ ជា យូ នៅនាទី៥០។ នៅនាទី៥៧ កីឡាករ ឃីម សុខា របស់ខេត្តកែបរកបានគ្រាប់ទី៣ ដោយលទ្ធផល ៣-១។ ការបើកការនាំមុខរបស់ម្ចាស់ផ្ទះ មិនបានប៉ុន្មាននាទីផង កីឡាករ ជា យូ ដែលរកបាន១គ្រាប់ទី១ជូនក្រុមខេត្តព្រះសីហនុ ធ្វើសម្រេចបាន២គ្រាប់តាមស្មើវិញ ៣ទល់៣ នៅនាទី៦៩ និងនាទី៧៨ ដោយលទ្ធផលស្មើគ្នានេះធ្វើឱ្យក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុ។ ឆ្លងកាត់២ប្រកួតដូចៗគ្នា ក្រុមខេត្តកែប ឈ្នះ១ និងស្មើ១ មាន៤ពិន្ទុ ឈរលើកំពូលតារាងពូល E ខណៈក្រុមខេត្តព្រះសីហុន ស្មើទាំង២ប្រកួត មាន២ពិន្ទុ ឈរលេខ២បណ្តោះអាសន្ន។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តមាន១៩ក្រុមតំណាងរាជធានី-ខេត្ត បានចូលរួមប្រកួតប្រជែង ដោយចែកចេញជា៥ពូល ដោយត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមដែលឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាទាំង១១ក្រុម។ នេះតាមការកាលវិភាគប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





