លោក គង់ ចាន់ធីណា៖ ការចេញទៅប្រកួតរបស់ហាប់គីដូ ក្នុងជើងឯកអាស៊ី នៅចិនពិតជាសំខាន់ ក្នុងការសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ
AKP កណ្តាល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អត្តពលិកហាប់គីដូកម្ពុជាសរុប ១៨នាក់ (អត្តពលិក ១៤នាក់) បានចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ឆ្ពោះទៅកាន់ទីក្រុងហុងកុង ប្រទេសចិន ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ី ឆ្នាំ២០២៦ ខណៈគ្រូបង្វឹក លោក គង់ ចាន់ធីណា បានចាត់ទុកថា ការចូលរួមប្រកួតនេះពិតជាសំខាន់ ក្នុងការពង្រឹង និងពង្រីកកីឡាហាប់គីដូកម្ពុជាឱ្យមានការទទួលស្គាល់ និងសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។

លោក គង់ ចាន់ធីណា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហាប់គីដូកម្ពុជាបានគូសបញ្ជាក់មុនពេលចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាលថា នេះជាការចូលរួមប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ជាលើកទី១ ប៉ុន្តែការចូលរួមប្រកួតលក្ខណៈអន្តរជាតិជាលើកទី៣ ដែលធ្លាប់ប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ កន្លងទៅ។
លោក គង់ ចាន់ធីណា សង្កត់ធ្ងន់បែបនេះថា៖ «ការចូលរួមប្រកួតលើកនេះ គឺកីឡាករ កីឡាការិនីបានត្រៀមខ្លួនរួចរាល់ក្នុងកម្រិតគុណភាពបច្ចេកទេស ជាពិសេសក្នុងការហ្វឹកហាត់ត្រៀមខ្លួនអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីដណ្តើមលទ្ធផលល្អជូនប្រទេសជាតិយើង។ ក្នុងការចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន នាពេលនេះ គឺជាផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងគោលដៅពង្រឹង និងពង្រីកវិស័យកីឡាហាប់គីដូកម្ពុជាឱ្យមានការទទួលស្គាល់ និងសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិផងដែរ។ នៅក្នុងចំណោមវិញ្ញាសា ដែលត្រៀមប្រកួតទាំងអស់របស់កីឡាករ កីឡាការិនីហាប់គីដូកម្ពុជា គឺគ្រូបង្វឹករូបនេះដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយជូនជាតិ គឺវិញ្ញាសាលោតកម្ពស់ និងលោតចម្ងាយ»។

បន្ថែមពីលើនេះ លោកគូសបញ្ជាក់ទៀតថា៖ «ការចូលរួមប្រកួតនេះពិតជាមានសារៈសំខាន់ចំពោះកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា ដែលប្រឹងប្រែងហ្វឹកហាត់ពេញ១ឆ្នាំ ក្នុងការត្រៀមប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របតាមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ សម្រាប់ខ្ញុំ សម្រាប់ហាប់គីដូ គឺច្រើនឆ្នាំហើយ ប៉ុន្តែនៅក្នុងអាណត្តិក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ គឺប្រភេទកីឡានេះមានការរីកចម្រើនច្រើន ហើយយើងសង្ឃឹមថា កីឡាហាប់គីដូកម្ពុជាកាន់តែរីកចម្រើនកាន់តែលឿនជាងមុន»។

ជាចុងក្រោយ លោក គង់ ចាន់ធីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលអនុញ្ញាត និងគាំទ្រ ក្នុងការបញ្ជូនអត្តពលិកហាប់គីដូកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ឧកញ៉ា សៅ សេងហាក់ និងថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនជាដៃគូឧបត្ថម្ភគាំទ្រដល់ដំណើរបេសកមម្មចេញទៅប្រកួតអន្តរជាតិលើកនេះ។ ប្រតិភូកីឡាហាប់គីដូកម្ពុជាចេញដំណើរថ្ងៃទី១៣ ខែសីហា និងវិលត្រឡប់មកវិញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕
ដោយ ហេង ណាលីន





