ឯកឧត្ដម ឃួង ស្រេង៖ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់បន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនិងការជំរុញផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ។
ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ នៅអំឡុងពេលឯកឧត្ដមនិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ។ 
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម អភិបាលបន្តថា៖ បើទោះបីមានបញ្ហាជម្លោះជាមួយនឹងប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។សមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវពង្រឹង កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ខណៈ ប្រជា ពលរដ្ឋរស់នៅរាជធានីភ្នំពេញកំពុងរស់ក្នុងបែបស៊ី វិល័យ ដែលទាមទារឲ្យមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានភាពស៊ីវីល័យដូច្នោះដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតគឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។ នៅរាជធានីភ្នំពេញ មានបញ្ហាប្រឈម៣ ដែលយើងបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង ជំនន់ទឹកភ្លៀងនិងការកកស្ទះចរាចរណ៍។
កិច្ចការទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយទាំងការរៀបចំឲ្យមាន ខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកបេនឡាន សូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឲ្យមានការកំណត់ម៉ោង ពេលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការទទួល សេវាដឹកជញ្ជូនរថយន្តក្រុង ខ្សែរត់ថ្មីនេះ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ចុះធ្វើការងារជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៅតាមខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យ (គ.ក.ស.ក) ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំ ពេញរបស់យើងបានជួយលើសកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានអរគុណចំពោះការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេស គឺការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ។ ជាក់ស្តែង ការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយៈ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ បានដំណើរការទៅបានល្អនិងជោគជ័យ។ ការផ្ដល់សេវា តាមច្រកចេញ ចូលតែមួយរាជធានី ខណ្ឌ សង្កាត់ បានល្អប្រសើរ ដោយនៅក្នុងខែកក្កដាកន្លងមកនេះ ការផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២៤០៣៣សេវា កើនឡើងជាង៨០០សេវា។ សេវារថយន្តក្រុង មានអ្នកជិះចំនួន៧១ម៉ឺននាក់កើនឡើងជាងខែមិថុនា ។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕
ដោយ សួស សំរិត





