ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានធ្វើការណែនាំ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព មានស្មារតីមាំមួន មិនត្រូវភ័យខ្លាច ឬតក់ស្លុត និងត្រូវគោរពបទបញ្ជាប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាពក្នុងដំណើរការប្រឡង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមគោលបំណងរៀងៗខ្លួន។

ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការរៀបចំប្រឡង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មក្នុងការរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគោរពតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០២៦នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១,១៩៤ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៦៨៦ នាក់។ ការប្រឡងត្រូវបានរៀបចំជា ៣ មណ្ឌលប្រឡង សរុបចំនួន ៤៩ បន្ទប់ ប្រកបដោយការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់។ ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ០២ មណ្ឌល សរុប ៤២ បន្ទប់ ខណៈមណ្ឌលវិទ្យាសាស្ត្រ មានចំនួន ០១ មណ្ឌល សរុប ០៧ បន្ទប់ដែលបានរៀបចំសមស្របតាមចំនួនបេក្ខជន និងលក្ខខណ្ឌបច្ចេកទេស៕ 
ដោយ AKP





