ជំងឺគ្រុនឈាមត្រូវបានប្រកាសនៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន បន្ទាប់ពីមានមនុស្សស្លាប់ចំនួន ១២នាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានប្រកាសពីការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅក្នុងទីក្រុងហ្សាមបូអានហ្គា ភាគខាងត្បូងប្រទេសហ្វីលីពីន បន្ទាប់ពីមានអ្នកស្លាប់ចំនួន ១២នាក់ និងករណីឆ្លងចំនួន១.២៤១ករណី។
ការិយាល័យសុខភាពក្រុងបាននិយាយថា ដង់ស៊ីតេមូសបានលើសពីកម្រិតសុវត្ថិភាពរហូតដល់ ១២ដងដែលបង្កើតលក្ខខណ្ឌសម្រាប់ការចម្លងជំងឺគ្រុនឈាមកាន់តែខ្លាំង។ អាជ្ញាធរបាននិយាយថា ករណីឆ្លងនៅតែបន្តកើនឡើងនៅទូទាំងសហគមន៍ចំនួន ៣៩ទីតាំង។
យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋបង្កើនកិច្ចខិតខំប្រឹងប្រែងសំអាត និងធ្វើអនាម័យ និងអនុវត្តន៍តាមវិធានការបង្ការជំងឺគ្រុនឈាមដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។
ជំងឺគ្រុនឈាម គឺជាជំងឺវីរុសឆ្លងតាមរយៈសត្វមូសដែលរីករាលដាលដោយសត្វមូស Aedes គឺជារឿងធម្មតានៅក្នុងប្រទេសហ្វីលីពីន ជាពិសេសក្នុងរដូវវស្សាចាប់ពីខែមិថុនាដល់ខែតុលា។ ករណីធ្ងន់ធ្ងរអាចនាំឱ្យមានជំងឺគ្រុនឈាមអាចបណ្តាលឱ្យស្លាប់ប្រសិនបើមិនបានព្យាបាល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





