ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងប្រជាជនកម្ពុជា
AKP សៀមរាប ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះថា កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) ដែលធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានសម្រេចលទ្ធផលធំៗជាច្រើន ជាពិសេសកិច្ចប្រជុំនេះបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងប្រជាជនកម្ពុជា ដែលបានអនុម័ត និងមានគោលដៅជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ងាយស្រួលទទួលបាន មានគុណភាព និងឆ្លើយតបចំពោះតម្រូវការជាក់ស្តែង។

សម្រាប់កម្ពុជា ស្មារតីនៃមូលបទនេះ គឺស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច» ជាស្នូល និងផ្តល់អាទិភាពដល់ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីសម្រេចកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងន័យនេះ នវានុវត្តន៍អាចជួយកម្ពុជាក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជារដ្ឋបាលទំនើប ដែលប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យា និងការសម្របសម្រួលអន្តរស្ថាប័ន ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។ នវានុវត្តន៍មិនមែនត្រឹមតែជាការប្រើឧបករណ៍ឌីជីថលទេ ប៉ុន្តែក៏គិតគូរពីការកែលម្អស្ថាប័ន ការវិភាគមុខងារ ការកាត់បន្ថយការងារត្រួតស៊ីគ្នា ការកែលម្អដំណើរការការងារ និងការបណ្តុះបណ្តាលមន្ត្រីផងដែរ។


សម្រាប់ប្រជាជនកម្ពុជា តម្លៃសំខាន់ គឺការប្រើប្រាស់វេទិកាតំបន់ ដើម្បីគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈការផ្លាស់ប្តូរបទពិសោធ ជំនាញ បច្ចេកទេស ការបណ្តុះបណ្តាល ការបង្កើតដៃគូ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ ដែលយើងកំពុងជំរុញអនុវត្ត យ៉ាងសកម្ម ដូចជា ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ប្រព័ន្ធនេះ ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តមន្ត្រីរាជការឱ្យបំពេញការងារកាន់តែលឿន មានប្រសិទ្ធភាពកាន់តែខ្ពស់ និងកាន់តែបុរេសកម្ម ក្នុងការផ្តល់សេវាផ្អែកលើសូចនាករសមិទ្ធកម្មច្បាស់លាស់ ពិសេសក្នុងវិស័យអាទិភាព ដូចជាវិស័យអប់រំ និងសុខាភិបាល។ នេះគឺជាការគាំទ្រសមិទ្ធកម្ម និងការភ្ជាប់ការគ្រប់គ្រងធនធានមនុស្សទៅនឹងលទ្ធផលការងារជាក់ស្តែង ដែលជាការគិតគូរយកចិត្តទុកដាក់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការជំរុញទឹកចិត្តមន្ត្រីឱ្យបង្កើនប្រសិទ្ធភាពការងារឈានទៅការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ត្រីផ្អែកលើសមិទ្ធកម្ម ពោលគឺមន្ត្រីទទួលបានការចាត់តាំង មានតួនាទីភារកិច្ច មានសមត្ថភាព មានសមិទ្ធកម្ម និងការចូលរួមជាក់ស្តែង និងមានការទទួលស្គាល់ ទទួលបានការលើកទឹកចិត្ត៕
ដោយ៖ ឃុត សៅ





