កំដៅក្តៅខ្លាំងនៅកូរ៉េខាងត្បូងកំពុងប៉ះពាល់ដល់អាជីវកម្មខ្នាតតូច
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- លោក គីម អាយុ ៥៤ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅសង្កាត់ម្យឹង-ដុង នៅកណ្តាលទីក្រុងសេអ៊ូល បាននិយាយថា អាជីវកម្មរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកក្កដាមក។
លោក គីម បាននិយាយថា «វាមិនមែនគ្រាន់តែជាអតិថិជនអាហារពេលល្ងាចនោះទេ។ បុគ្គលិកការិយាល័យធ្លាប់មកទីនេះសម្រាប់អាហារថ្ងៃត្រង់ ប៉ុន្តែយើងបានឃើញការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីប៉ុន្មានសប្តាហ៍មុនមក។ ខ្ញុំគិតថាដោយសារតែវិស្សមកាលរដូវក្តៅ និងការកើនឡើងកំដៅខ្លាំង ទើបមនុស្សមិនសូវចេញមកច្រើន ខណៈដែលមនុស្សជាច្រើនកំពុងកាត់បន្ថយការញ៉ាំអាហារនៅខាងក្រៅដោយសារតែតម្លៃកើនឡើង»។
លោកបានសោកស្តាយថា ការលក់ធ្លាក់ចុះនេះបានកើតឡើងរួមជាមួយនឹងការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ។
ក្តីបារម្ភស្រដៀងគ្នានេះក៏បានលេចឡើងផងដែរនៅទូទាំងសហគមន៍អនឡាញសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ដែលពួកគេបាននិយាយថា ការកើនឡើងកំដៅដ៏យូរនេះបានក្លាយជាបន្ទុកមួយទៀតបន្ថែមពីលើតម្រូវការអ្នកប្រើប្រាស់ខ្សោយ។
អ្នកប្រើប្រាស់ម្នាក់បានសរសេរនៅលើសហគមន៍អនឡាញ Naver សម្រាប់ម្ចាស់អាជីវកម្មដែលធ្វើការងារដោយខ្លួនឯងថា «ក្រុមហ៊ុនដឹកជញ្ជូនកំពុងគិតថ្លៃសេវាខ្ពស់ជាងមុនដោយសារតែកំដៅខ្លាំង។ អាជីវកម្មមានភាពយឺតយ៉ាវរួចទៅហើយ ហើយឥឡូវនេះយើងកំពុងចំណាយកាន់តែច្រើនដើម្បីទទួលបានការបញ្ជាទិញទៀត»។
អ្នកប្រើប្រាស់ម្នាក់ទៀតបានសរសេរថា «ផ្លូវស្ទើរតែគ្មានអ្នកធ្វើដំណើរក្នុងអំឡុងពេលថ្ងៃដោយសារតែកំដៅ។ ខ្ញុំដឹងថាវាជាវិស្សមកាលរដូវក្តៅ ប៉ុន្តែអាជីវកម្មមានសភាពអាក្រក់ជាងការរំពឹងទុករបស់ខ្ញុំ។ ការលក់ចុងសប្តាហ៍បានធ្លាក់ចុះពាក់កណ្តាល»។
ការត្អូញត្អែរទាំងនេះកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងស៊ូទ្រាំនឹងរលកកំដៅដ៏ខ្លាំងបំផុតមួយនៅក្នុងកំណត់ត្រារបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





