ចិនគាំទ្រអង្គការសហប្រជាជាតិទៅលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- លោក ហ្វូ កុង តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថាប្រទេសចិននឹងសហការជាមួយដៃគូអន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ដើម្បីបង្កើតអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)ជាសកល ដែលដឹកនាំដោយគោលការណ៍នៃភាពបើកចំហ កិច្ចសហប្រតិបត្តិការប្រភពបើកចំហ និងផលប្រយោជន៍ទៅវិញទៅមក។បន្ទាប់ពីសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅទីក្រុងសៀងហៃលោក ហ្វូ បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកត្រូវតែធានាថា AI អភិវឌ្ឍន៍តាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងអស់។ ចក្ខុវិស័យនេះ គាំទ្រដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែលផ្តោតសំខាន់ទៅលើការជំរុញនវានុវត្តន៍ ការរក្សាការគ្រប់គ្រង និងសន្តិសុខរបស់មនុស្ស ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការកែលម្អការត្រួតពិនិត្យជាសកល។
លទ្ធផលដ៏សំខាន់មួយនៃសន្និសីទសៀងហៃ គឺការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលដំបូងគេសម្រាប់ AI ដែលមានប្រទេសចុះហត្ថលេខាដំបូងចំនួន២៩។ ដោយត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ភាគខាងត្បូងសកលលោក និងបំពេញបន្ថែមនូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ អង្គការ WAICO នឹងផ្តោតសំខាន់ទៅលើការអនុវត្តជាក់ស្តែង ការកសាងសមត្ថភាពកិច្ចសហការបច្ចេកទេស និងកិច្ចសន្ទនាគោលនយោបាយ។ លោក ហ្វូបានបញ្ជាក់សារជាថ្មីថា ប្រទេសចិនចាត់ទុកអង្គការសហប្រជាជាតិជាវេទិកាចម្បងសម្រាប់អភិបាលកិច្ច AI ជាសកល ហើយមានគោលបំណងពង្រឹងទំនាក់ទំនងស្ថាប័នជាមួយអង្គការនេះ។
ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបទប្បញ្ញត្តិ លោក ហ្វូ បានគូសបញ្ជាក់ពីតុល្យភាពដែលរដ្ឋាភិបាលត្រូវតែធ្វើរវាងការលើកទឹកចិត្តដល់នវានុវត្តន៍បច្ចេកវិទ្យា និងការកាត់បន្ថយហានិភ័យដែលមានស្រាប់។ លោកបានព្រមានថា ការគ្រប់គ្រងហួសហេតុអាចរារាំងដល់វឌ្ឍនភាព ចំណែកឯកង្វះការត្រួតពិនិត្យទាំងស្រុងអាចប្រឈមនឹងហានិភ័យនៃការធ្វើឱ្យសង្គមមានគ្រោះថ្នាក់។ លោកស្រី អាមេនឌីប ហ្គីល បេសកជនបច្ចេកវិទ្យាអង្គការសហប្រជាជាតិ បានកោតសរសើរកិច្ចប្រជុំកំពូលសៀងហៃនាពេលថ្មីៗនេះថា ជាការផ្លាស់ប្តូរប្រកបដោយគុណភាពឆ្ពោះទៅមុខ ដែលជាសញ្ញានៃសន្ទុះកាន់តែខ្លាំងឡើងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានរចនាសម្ព័ន្ធ និងរួមបញ្ចូលលើបច្ចេកវិទ្យាថ្មីៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





