អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ជុំវិញករណីរកឃើញយុវតីសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦-- លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួ ងមហាផ្ទៃបានបញ្ជាក់ជុំវិញករណីរកឃើញយុវតីសិង្ហបុរីថាបន្ទាប់ពីមានបណ្ដឹងសុំអន្តរាគមន៍ ពីឪពុកម្ដាយរបស់នាង សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើកប្រតិបត្តិការស្វែងរកនាងភ្លាមៗ។

លោកទូច សុឃៈបានលើកឡើងថាទីបំផុត មន្រ្តីនគរបាលកម្ពុជា បានរកឃើញនាងកំពុងស្នាក់នៅក្នុងអគារខុនដូរ និងទទួលបានការបញ្ជាក់ពីនាងថា នាងមិនបានរងគ្រោះដោយអំពើជួញដូរមនុស្ស ឬការធ្វើទារុណកម្មណាមួយឡើយ។ នាងបានឱ្យដឹងថារឿងហេតុនេះ គឺដោយសារបញ្ហាគ្រួសារផ្ទាល់ខ្លួន រហូតនាងសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា ដោយបិទបណ្ដាញទំនាក់ទំនងជាមួយក្រុមគ្រួសារទាំងអស់។ ពេលនេះ នាងមានសុវត្ថិភាព និងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកម្ពុជា៕


ដោយ៖ ប៊ុនរិទ្ធ





