ការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះពលរដ្ឋភៀសសឹក ត្រូវបានបន្តផ្សព្វផ្សាយដល់មូលដ្ឋានតាមរយៈការអប់រំសុខភាព និងសុវត្ថិភាពសហគមន៍
AKPបន្ទាយមានជ័យថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ក្នុងបរិបទដែលប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលរង់ចាំត្រូវការការគាំទ្រទាំងផ្នែកសុខភាព ផ្លូវចិត្ត និងសុវត្ថិភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបន្តបង្ហាញសកម្មភាពយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ដោយផ្តោតលើការអប់រំផ្សព្វផ្សាយ និងការពារហានិភ័យក្នុងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងភាពធន់របស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកស្រី សុខ លាភា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា សកម្មភាពនេះគឺជាការអនុវត្តតាមគោលការណ៍មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង។

លោកស្រីបានបញ្ជាក់ថា ដើម្បីរួមចំណែក កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងបង្កើនភាពធន់ក្នុងសហគមន៍ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន ១៦នាក់ ប្រចាំភូមិរង់ចាំទី៥ និងភូមិរង់ចាំទី៦ នៃមណ្ឌលភៀសសឹកភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដោយផ្ទាល់ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីអប់រំផ្សព្វផ្សាយនេះបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន- វិធីសាស្រ្ត ការពារជំងឺគ្រុនឈាម និងការបំផ្លាញជម្រកមូសខ្លា។ការបង្ការ និងថែទាំអ្នកជំងឺ រាករូស ការសង្គ្រោះបឋមផ្លូវចិត្ត សម្រាប់អ្នកដែលរងផលប៉ះពាល់ពីភាពតានតឹង និងការផ្លាស់ទីលំនៅ។ការយល់ដឹងអំពីគ្រាប់មិនទាន់ផ្ទុះ និងវិធីរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងវិធានសុវត្ថិភាពពេលធ្វើដំណើរ។ ប្រជាពលរដ្ឋដែលបានចូលរួមស្តាប់ និងទទួលការអប់រំផ្សព្វផ្សាយមានចំនួនសរុប ១៥៣នាក់ ដែលភាគច្រើនជាគ្រួសារភៀសសឹក កុមារ ស្ត្រី និងមនុស្សចាស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលរង់ចាំ។
លោកស្រី សុខ លាភា បានគូសបញ្ជាក់ថា ការអប់រំសុខភាព និងសុវត្ថិភាពនៅមូលដ្ឋាន មានសារៈសំខាន់មិនត្រឹមតែការពារការឆ្លងជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាពលរដ្ឋមានចំណេះដឹងអាចការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍បានកាន់តែប្រសើរ។ ជាពិសេស សម្រាប់ពលរដ្ឋដែលកំពុងរស់នៅក្នុងស្ថានភាពផ្លាស់ទីលំនៅ ការយល់ដឹងអំពីអនាម័យ សុខភាពផ្លូវចិត្ត និងគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌ គឺជាកត្តាចាំបាច់ក្នុងការកាត់បន្ថយហានិភ័យប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងការអរគុណចំពោះកាកបាទក្រហមកម្ពុជា និងក្រុមអ្នកស្ម័គ្រចិត្តដែលបានចុះដល់មូលដ្ឋានដោយផ្ទាល់ ដោយពួកគេចាត់ទុកថា ការផ្តល់ចំណេះដឹងទាំងនេះគឺមានតម្លៃខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជួយបង្កើនទំនុកចិត្តក្នុងការថែរក្សាសុខភាព និងសុវត្ថិភាពរបស់គ្រួសារ។
សកម្មភាពនេះបានបង្ហាញឱ្យឃើញថា កាកបាទក្រហមកម្ពុជា មិនត្រឹមតែផ្តល់ជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការកសាងសមត្ថភាព និងភាពធន់របស់សហគមន៍រយៈពេលវែង ស្របតាមបេសកកម្មមនុស្សធម៌ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែដាក់សុខទុក្ខប្រជាពលរដ្ឋជាអាទិភាពចម្បង៕
ដោយ៖ ឈុន សារ៉ាត





