អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការណែនាំពីការប្រើប្រាស់កម្មវិធីទូរសព្ទ (App) NoDrug ដល់សាស្រ្តាចារ្យ និងនិស្សិតសរុបជាង ២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ កម្មវិធីនេះបានធ្វើឡើង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំបង្ការការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ ០១ បប ក៏ដូចជាផែនការយុទ្ធនាការ និងយុទ្ធសាស្ត្រពហុវិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការប្រកួតវោហាកោសល្យនេះ នឹងផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹងស៊ីជម្រៅជុំវិញបញ្ហាគ្រឿងញៀន ជាពិសេសការស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធី (App) NoDrug ដែលធានាសុវត្ថិភាពដល់អ្នករាយការណ៍ ១០០% ដោយរក្សាការសម្ងាត់អត្តសញ្ញាណទាំងស្រុង បញ្ចៀសបានការសងសឹក។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ូ សុពណ៌ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់រួមដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ជាតិ។ លោកជំទាវអនុរដ្ឋលេខាធិការបានបន្ថែមថា ការងារផ្សព្វផ្សាយរួមទាំងការប្រកួតវោហាកោសល្យនេះ ពិតជាមានសារៈសំខាន់ទាក់ទាញបានចំណាប់អារម្មណ៍ពីនិស្សិតឱ្យខិតខំស្រាវជ្រាវ និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន អេដស៍ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសុខុមាលភាពទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សាក្រោមឱវាទរបស់ក្រសួងផងដែរ៕





ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





