តេក្វាន់ដូកម្ពុជាឈ្នះមេដាយមាស១ និងសំរឹទ្ធិ១ ក្នុងការប្រកួត CJ Viet Nam Open
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--អត្តពលិកតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង នៅក្នុងការប្រកួតតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI ចាប់ពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ជាតិ ខេមរា គ្រូជំនួយក្រុមជម្រើសជាតិបានប្រាប់ពីវៀតណាមមកថា មេដាយមាស១គ្រឿង ដណ្តើមបានដោយកីឡាការិនី ម៉ម ជូលី លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម ខណៈវិញ្ញាសានេះមេដាយប្រាក់បានទៅលើម្ចាស់ផ្ទះ និងមេដាយសំរឹទ្ធិ-សំរឹទ្ធិស្ទួនបានទៅលើកីឡាការិនីជប៉ុន និងវៀតណាម។ ចំពោះមេដាយសំរឹទ្ធិ១គ្រឿង ដណ្តើមបានដោយកីឡាករ វ៉ា មិថុនា លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម ខណៈមេដាយមាសបានទៅលើកីឡាកររុស្ស៊ី រីឯមេដាយប្រាក់ បានទៅលើកីឡាករវៀតណាម និងមេដាយសំរិទ្ធិ-សំរឹទ្ធិស្ទួន បានទៅលើកីឡាករមកពីប្រទេសអង់គ្លេស។

គ្រូជំនួយរូបនេះបន្ថែមថា តាមរយៈការចូលរួមប្រកួតនៅប្រទេសវៀតណាម នាពេលនេះ គឺជាការប្រកួតអន្តរជាតិដ៏សំខាន់មួយរបស់កីឡាការិនី ម៉ម ជូលី និងកីឡាករ វ៉ា មិថុនា រួមទាំងអត្តពលិកមួយចំនួនទៀត ជាបេក្ខភាពត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ដែលនឹងដំណើរការប្រកួតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន៕

ដោយ ហេង ណាលីន





