ខេត្តកំពង់ធំបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់សម្ភារៈកសិកម្ម
AKP កំពង់ធំ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី វ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ លក់សម្ភារៈកសិកម្ម នៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកតុង យីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីអមដំណើរ និងសមាជិកសមាជិកា ដែលជាអាជីវករច្រើននាក់។

វគ្គបណ្តុះបណ្តាលនេះគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹង បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្មទូទាំងខេត្តកំពង់ធំនាពេលនេះគឺផ្ដោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូល ថ្នាំកសិកម្ម និងជីកសិកម្ម ដល់អស់លោក លោកស្រី ដែលជាអាជីវករ លក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។

ក្នុងឱកាសនោះ លោក លី វ៉េត និងឯកឧត្តម ឡោ រស្មី បានលើកឡើងពីវិស័យកសិកម្មមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខ ស្បៀងនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ដើម្បីបន្តធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពការធ្វើ ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបានជំរុញការអនុវត្តវិធានការចាំបាច់មួយចំនួនរួមមាន៖ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលបម្រើដល់ផលិតកម្មកសិកម្មបង្កើនការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។
វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយថ្នាំកសិកម្ម និង ជីកសិកម្មដល់បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋ ដែលបានឆ្លងវគ្គថ្មីៗពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់វិស័យកសិកម្មដើម្បីឱ្យទទួលបានចំណេះដឹង និងមានវិជ្ជាជីវៈពិតប្រាកដ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។លោក លោកស្រីដែលជាអាជីវករដើរតួនាទីសំខាន់ណាស់ជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងជាអ្នកផ្ដល់ព័តមានបច្ចេកទេសពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មដល់ប្រជាកសិករ ហើយក៏ត្រូវមានការសហការយ៉ាងល្អជាមួយមន្ត្រីកសិកម្ម ជាពិសេសគឺ ការិយាល័យនីតិកម្មនៃមន្ទីរកសិកម្ម។

តាមរបាយរណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត វគ្គនេះជាវគ្គទី១៤ហើយ ដែលមានអ្នកចូលរួម សរុប ១៧០ នាក់ហើយគិតមកដល់ថ្ងៃនេះខេត្តកំពង់ធំបើកវគ្គបានចំនួន១៤ វគ្គដែលមាន សិក្ខាកាមទាំងអស់១៧១៧នាក់។

ឯកឧត្តម ឡោ រស្មី បានណែនាំដល់សិក្ខាកាមថាក្នុងរយៈពេលបណ្ដុះបណ្ដាលនេះត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនាមនិងក្រុមពិភាក្សាដើម្បីយកចំណេះដឹងបានពីការបណ្តុះបណ្តាលទៅផ្សព្វផ្សាយបន្ត ដល់អ្នកប្រើប្រាស់ផ្ទាល់ ជាពិសេសតាមសហគមន៏ និងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនកំពុងប្រកបអាជីវកម្ម៕
ដោយ ស៊ុម វណ្ណា





