ក្រសួងការបរទេសរុស្ស៊ី៖ យោធាភាវូបនីយកម្មនៅអាស៊ី-ប៉ាស៊ីហ្វិកដោយលោកខាងលិចគំរាមកំហែងដល់សន្តិសុខក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- គោលនយោបាយរបស់លោកខាងលិចក្នុងការធ្វើយោធាភាវូបនីយកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(APR) គឺជាបញ្ហាប្រឈមចម្បងមួយចំពោះសន្តិសុខក្នុងតំបន់។ នេះបើយោងតាមលោក អេនដ្រេយ រូដេនកូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអភិវឌ្ឍន៍អាកទិក និងចុងបូព៌ារបស់រុស្ស៊ី។
លោក រូដេនកូ បាននិយាយថា «បញ្ហាប្រឈមធ្ងន់ធ្ងរមួយចំពោះសន្តិសុខ និងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក គឺគោលនយោបាយរបស់លោកខាងលិចក្នុងការធ្វើយោធាភាវូបនីយកម្មតំបន់ និងពង្រឹងសក្តានុពលយោធា និងនយោបាយរបស់អង្គការណាតូនៅទីនោះ»។
លោកបានបន្ថែមថា «កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចមានគោលបំណងជំនួសយន្តការសហប្រតិបត្តិការវិជ្ជមានដែលមាននៅទីនេះអស់ជាច្រើនទសវត្សរ៍មកហើយ ជាមួយនឹងបណ្តាញនៃរចនាសម្ព័ន្ធប្លុកប្រឈមមុខដាក់គ្នា»។
យោងតាមលោក រូដេនកូ បានឱ្យដឹងថា វិធីសាស្រ្តយោធានិយមនេះផ្ទុយដោយផ្ទាល់ទៅនឹងគំរូប្រពៃណីនៃការចូលរួមជាក់ស្តែង និងស្ថាបនាដែលបានជួយតំបន់អាស៊ីឱ្យក្លាយជាអ្នកដឹកនាំសកលលោកក្នុងអត្រាកំណើនសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





