អភិបាលខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរ និងម្ចាស់ផ្ទះសំណាក់ អនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងសន្តិសុខទីតាំងរស់នៅប្រមូលផ្តុំ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលស្រុកម៉ាឡៃ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យម៉ាឡៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីពាក់ព័ន្ធ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួលជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងក្លាយជាបញ្ហាប្រឈមថ្មី ដែលមានភាពស្មុគស្មាញ និងប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់សកម្មភាពល្មើសទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា «ការប្រឆាំងបទល្មើសបច្ចេកវិទ្យា មិនមែនជាតួនាទីរបស់សមត្ថកិច្ចតែឯងនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់អាជ្ញាធរ ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ ដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងភាពសុខសាន្តក្នុងសហគមន៍»។
ដើម្បីប្រែក្លាយស្មារតីនៃច្បាប់ និងអនុក្រឹត្យឱ្យទៅជាសកម្មភាពជាក់ស្តែង ឯកឧត្តម អ៊ុ រាត្រី បានដាក់ចេញនូវ វិធានការគន្លឹះ និងទិសដៅការងារសំខាន់ៗ មួយចំនួន។ ឯកឧត្តមបានណែនាំឱ្យ អាជ្ញាធរមូលដ្ឋាន នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ត្រូវចុះអប់រំផ្សព្វផ្សាយខ្លឹមសារច្បាប់ និងវិធីសាស្ត្រប្រុងប្រយ័ត្នពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបាន ស៊ីជម្រៅ ទូលំទូលាយ និងដល់គ្រប់ខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹងគ្រប់គ្រាន់ និងមិនងាយធ្លាក់ជាជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ។
ពាក់ព័ន្ធនឹង អនុក្រឹត្យលេខ០៣ ឯកឧត្តមបានសង្កត់ធ្ងន់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវ គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត ជាពិសេសនៅតាម ផ្ទះសំណាក់ បន្ទប់ជួល និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដើម្បីងាយស្រួលក្នុងការតាមដាន និងទប់ស្កាត់មុខសញ្ញាសង្ស័យ។

ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវអនុវត្តច្បាប់ដោយតឹងរឹង និងគ្មានការយោគយល់ ឬបណ្តែតបណ្តោយឡើយ ចំពោះសកម្មភាពល្មើសច្បាប់ ឬការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា «មិនត្រូវឱ្យមានតំបន់សុវត្ថិភាពសម្រាប់ជនល្មើស ឬការបិទបាំងសកម្មភាពខុសច្បាប់ក្រោមរូបភាពណាមួយនោះទេ»។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី បានអំពាវនាវយ៉ាងទទូចដល់ ម្ចាស់ផ្ទះសំណាក់ និងបន្ទប់ជួលទាំងអស់ ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចជំនាញ ដោយត្រូវ រាយការណ៍ និងផ្តល់ព័ត៌មានជូនអាជ្ញាធរភ្លាមៗ ប្រសិនបើពិនិត្យឃើញ ឬមានការសង្ស័យលើសកម្មភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងទីតាំងរបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមរបស់ម្ចាស់អាជីវកម្ម គឺជាចំណុចស្នូលក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ព្រោះទីតាំងស្នាក់នៅប្រមូលផ្តុំអាចត្រូវបានជនខិលខូចប្រើប្រាស់ធ្វើជាកន្លែងលាក់ខ្លួន ឬប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗ ប្រសិនបើខ្វះការត្រួតពិនិត្យត្រឹមត្រូវ។

កិច្ចប្រជុំនេះ ត្រូវបានវាយតម្លៃថា ជាជំហានសំខាន់ក្នុងការពង្រឹងការយល់ដឹងផ្នែកច្បាប់ និងការសម្របសម្រួលរវាងអាជ្ញាធរ សមត្ថកិច្ច និងវិស័យឯកជន ដើម្បីឆ្លើយតបនឹងបញ្ហាបទល្មើសបច្ចេកវិទ្យាដែលកំពុងមាននិន្នាការកើនឡើង។ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ និងការជំរុញឱ្យមានការទទួលខុសត្រូវរួមពីគ្រប់ភាគី ឯកឧត្តម អ៊ុ រាត្រី បានបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការកសាង មូលដ្ឋានដែលមានសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការពារសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





