អភិបាលស្រុកខេត្តកំពង់ធំដាក់បញ្ជាដាច់ខាតដល់សមត្ថកិច្ចក្រោមឱវាទត្រូវបង្ក្រាបក្មេងទំនើង បទល្មើសអនឡាញស្កេម ជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យខាងតែបាន
AKPកំពង់ធំថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦--លោកសាយ គឹមឡម អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងដាក់បទបញ្ជាដាច់ខាតដល់សមត្ថកិច្ចក្រោមឱវាទត្រូវបង្កាបក្មេងទំនើង បទល្មើសអនឡាញស្គេមជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យខាងតែបានក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកក្កដានៅអគាររដ្ឋបាលស្រុកស្ទោងកាលពីររសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថាដើម្បីធានាបាននូវសុខសុវត្ថិភាពស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើការងារអាទិភាពសំខាន់ៗជាច្រើនដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់ អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្មក្នុងការរឹតបន្តឹង និងបង្ក្រាបយ៉ាងក្តៅគគុកលើក្រុម «ក្មេងទំនើង»ដែលបង្ករអសន្តិសុខក្នុងសង្គម ព្រមទាំងបង្ក្រាបរាល់សកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Online Scam)ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់តាមច្បាប់ជាធរមានដើម្បីទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់និងរក្សាសន្តិសុខជាតិ។

ទន្ទឹមនឹងនេះដើម្បីឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ ស្រុកស្ទោងជាស្រុកកសិកម្មនិងឆ្លើយតបជាមួយយុទ្ធសាស្ត្ររាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធបានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលគ្រប់រដូវកាល ដែលនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកសាយ គឹមឡមបានលើកទឹកចិត្តថែមទៀតដល់សហការីត្រូវចូលរួមឱ្យសកម្មក្នុងការការពារធនធានធម្មជាតិ និងបន្តយុទ្ធនាការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់រូបភាព ដើម្បីថែរក្សាសម្បត្តិធម្មជាតិទុកជូនកូនចៅជំនាន់ក្រោយ និងជំរុញបន្ថែមទៀតដល់សហការី អាជ្ញាធរភូមិឃុំ ព្រមទាំង ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្តល់សេវាសាធារណៈនិងកិច្ចការមនុស្សធម៌ ឱ្យបានឆាប់រហ័ស តម្លាភាព ស្មោះត្រង់ ប្រសិទ្ធភាព និងមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ ត្រូវតែទៅ ដល់ដៃគ្រួសារងាយរងគ្រោះ និងងាយរងហានិភ័យពិតប្រាកដ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងគ្មានការរើស អើង។

លើសពីនេះលោកអភិបាលស្រុកបានជំរុញដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្ទោង គ្រប់មណ្ឌល សុខភាពនិងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាក្នុងការបើកយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺគ្រុន ឈាមយ៉ាងសកម្ម ដោយចុះអប់រំ បាញ់ថ្នាំមូស និងបង់ថ្នាំអាបាត់តាមមូលដ្ឋាន ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ។
លោកសាយ គឹមឡម បានជំរុញបន្ថែមទៀតដល់សហការីនិងអាជ្ញាធរភូមិ ឃុំ យកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តន៍ជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដោយធានាថា ពួកគាត់ទទួលបាននូវការថែទាំ និងរបបគោលនយោបាយសមរម្យ។ លោកសង្ឃឹមថា រាល់សកម្មភាព និងវិធានការទាំងអស់នេះ សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺ «បម្រើរាស្ត្រដោយស្មោះត្រង់» ដើម្បីធានាបាននូវសន្តិភាពស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ៖ ស៊ុម វណ្ណា





