ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន២៦មិថុនាក្រោមប្រធានបទ"រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត"
AKPកំពង់ធំថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ឹមសារឿនសមាជិកកក្រុមប្រឹក្សាខេត្តនិងលោក អ៊ុន បុត្ត អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន២៦មិថុនាក្រោមប្រធានបទ "រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត"។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួ មពីថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ កង កម្លាំងទាំងបីមន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនរូប។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព យុត្តិធម៌និងសិទ្ធិរបស់អ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀន ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទទួលយកការព្យាបាលដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃ តាមរយៈមណ្ឌលព្យាបាលរបស់រដ្ឋនិងគ្រឹះស្ថានសុខាភិបាលដើម្បីស្តារសុខភាព និងធ្វើសមាហរណកម្មចូលសហគមន៍ឡើងវិញ។

លោក អ៊ុន បុត្ត បានមានប្រសាសន៍ថា ខេត្តកំពង់ធំ នៅតែរក្សាបាននូវស្ថានភាពជាខេត្តដែលមិនមានការផលិតគ្រឿងញៀននិងការដាំដុះរុក្ខជាតិញៀន។ ទោះជាយ៉ាងណានៅតែមានសកម្មភាពលបលួចនាំចូលគ្រឿងញៀនពីបណ្តាខេត្តជាប់ព្រំប្រទល់និងមានការប្រើប្រាស់ព្រមទាំងការជួញដូរគ្រឿងញៀននៅតាមក្រុង-ស្រុកមួយចំនួនដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសការរាលដាលទៅកាន់តំបន់ជនបទ។

លោកបានបន្តថាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនជាភារកិច្ចផ្តាច់មុខរបស់ស្ថាប័នឬអង្គភាពណាមួយនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ការចូលរួមផ្សព្វផ្សាយអប់រំ និងបង្កើនការយល់ដឹងអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀនគឺជាកត្តាសំខាន់ក្នុងការបង្ការនិងទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធិបានមានប្រសាសន៍ផ្តោតសំខាន់លើការពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយជំរុញឱ្យគ្រប់ស្ថាប័នអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធី App NoDrug ឱ្យបានទូលំទូលាយ។

កម្មវិធីនេះជាឧបករណ៍ដ៏មានប្រសិទ្ធ ភាពសម្រាប់ការផ្តល់ព័ត៌មានការរាយការណ៍និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននិងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តយុទ្ធនាការ"ភូមិ ឃុំ សង្កាត់គ្មានគ្រឿងញៀន"ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ សហគមន៍ ប្រជាពលរដ្ឋ និងយុវជន ព្រមទាំងកៀរគរការចូលរួមពីគ្រប់វិស័យរួមមាន វិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ស្ថាប័នរដ្ឋ វិស័យឯកជននិងអង្គការជាតិអន្តរជាតិដើម្បីរួមគ្នាបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព៕
ដោយ៖ ស៊ុម វណ្ណា





