អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ១ខ្សែ នៅស្រុកកោះអណ្ដែត
AKP តាកែវថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត លោកអភិបាលស្រុកកោះអណ្ដែត និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសមិទ្ធផលផ្លូវបេតុងសរសៃដែក(បេតុងអាម៉េ)១ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកជំទាវ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះអណ្តែត។

ផ្លូវបេតុងថ្មី១ខ្សែនេះមានប្រវែង៥ 000(ប្រាំពាន់)ម៉ែត្រទទឹង6ម៉ែត្រ ត្រូវបានសាងសង់ឡើងដោយឆ្លងកាត់ឃុំចំនួន២ គឺឃុំព្រៃខ្លានិងឃុំក្រពុំឈូកស្រុកកោះអណ្តែតខេត្តតាកែវកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បាន បញ្ជាក់ថា ផ្លូវបេតុងអាម៉េមួយខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យបានងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍មុខមាត់ស្រុកកោះអណ្តែត ឱ្យកាន់តែរីកចម្រើនថែមទៀតផង។
ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវបេតុងមួយខ្សែនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរអង្វែង ទុកជាប្រយោ ជន៍រួមសម្រាប់កូនចៅតទៅមុខទៀត៕
ដោយ៖ អ៊ុច សៀង





