រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរ រុក្ខទិវា៩កក្កដា
AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងបែប នេះនៅក្នុងពិធីដាំនិងចែកកូនឈើចម្រុះប្រមាណជាង១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា៩កក្កដាដែលខេត្តបានប្រារព្ធធ្វើឡើងនៅអនុវិទ្យាល័យព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមា ញ់និងនេសាទខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក ឈឹម វុទ្ធា បានមានប្រសាសន៏ថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេង ប្រជាពលរដ្ឋគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើង ឲ្យបានគង់វង្សរហូតតទៅ។ ព្រៃឈើជាគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ។
ទន្ទឹមនឹងនេះលោកបានបន្តថា បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះមហាវីរក្សត្រព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើឡើងវិញនិងការថែរក្សាសម្បត្ដិព្រៃឈើរជាពិសេសដើម្បីថែរក្សាការពារ និងបណ្តុះ គំនិតស្រឡាញ់ព្រៃឈើ ក្នុងនោះដែរអង្គការសហ ប្រជាជាតិបានបង្កើតទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ១៩៧២ ដើម្បីបំផុសគំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថានធម្មជាតិ។

ថ្លែងក្នុងបរិបទនេះលោកអភិបាលរង ខេត្តបានធ្វើការអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និស្សិតសិស្ស ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទព្រមទាំង ប្រព័ន្ធជីវៈចម្រុះផងដែរ។

ឯកឧត្ដមក៏បានអរគុណដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការ ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា ការ ពារ និងដាំដុះដើមឈើកាន់តែបានច្រើនឡើងវិញនៅគ្រប់ទីកន្លែង៕
ដោយ៖ បៃ ស៊ីថុន





