គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើ ទស្សនកិច្ចក្រុមហ៊ុន Viettel ដែលឈានមុខគេខាងបច្ចេកវិទ្យានិងទូរគមនាគមន៍ក្នុងប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ដែលជាក្រុមហ៊ុនវិនិយោគលើប្រព័ន្ធទូរស័ព្ទនៅកម្ពុជា (ក្រុមហ៊ុន Metfone) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុននានារបស់វៀតណាមមកម្ពុជាបន្ថែមទៀតផងដែរ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែងចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ដែលមិនត្រឹមតែផ្តល់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគទៅកាន់ប្រទេសជាច្រើននៅក្នុងសកលលោក រួមទាំងកម្ពុជាផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ តាមរយៈការផ្តល់សេវាទំនាក់ទំនងជូនប្រជាពលរដ្ឋកម្ពុជានិងការបង់ពន្ធនានាដល់កម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា បដិវត្តន៍ឌីជីថល បានជ្រៀតចូលគ្រប់ផ្នែកនៃការរស់នៅរបស់ពលរដ្ឋ។ ដូច្នេះនៅក្នុងសម័យនេះ ប្រសិនបើយើងមិនមែនជាអក្ខរជនឌីជីថលទេ គឺប្រាកដជាមិនអាចដើរទាន់បច្ចេកវិទ្យានោះឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី Major General Do Minh Phong អគ្គនាយករងក្រុមហ៊ុន Viettel និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសមមាញឹកនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម អញ្ជើញផ្តល់កិត្តិយសធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Viettel។ តាមរបាយការណ៍របស់ឯកឧត្តមអគ្គនាយករងបានឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុន Metfone នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៩មក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤ ម៉ឺននាក់។ ក្រៅពីការវិនិយោគដោយគោរពតាមច្បាប់របស់កម្ពុជា ក្រុមហ៊ុន ក៏បានចូលរួមការងារសង្គមជាច្រើនទៀត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការវិនិយោគនានានៅកម្ពុជា និងស្នើសុំរដ្ឋសភាកម្ពុជាជួយគាំទ្រផងដែរ។

ក្នុងនាមពលរដ្ឋកម្ពុជា និងរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភាគាំទ្រដល់ការវិនិយោគរបស់ Viettel នៅកម្ពុជា។ ការវិនិយោគនេះ មិនត្រឹមតែផ្តល់ការងារជូនពលរដ្ឋប៉ុណ្ណោះទេ តែក្រុមហ៊ុនបានចូលរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាផងដែរ។ ចំពោះសំណូមពរ និងគម្រោងវិនិយោគនានាបន្ថែមទៀតរបស់ក្រុមហ៊ុន រដ្ឋសភាកម្ពុជានឹងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ៕



ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





