ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បញ្ចប់២ប្រកួតបន្ថែមវគ្គសន្សំពិន្ទុក្នុងពូល D និងពូល E
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ក្រុមមន្ទីរអប់រំយុវជន និងកីឡា (អយក) ខេត្តស្វាយរៀងប្រជែងបាន៣ពិន្ទុ ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដោយលទ្ធផល ៣-២ ខណៈក្រុមខេត្តព្រះសីហនុ ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមខេត្តកោះកុង ២-២ នៅក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២០២៧ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នេះជាការប្រកួតសន្សំពិន្ទុសប្តាហ៍ទី២ នៅក្នុងពូល D និងពូល E ដែលទើបលេងបាន១ប្រកួតដំបូងដូចគ្នា។ ជាមួយនឹងជ័យជម្នះ១ប្រកួតដំបូងនេះបានធ្វើឱ្យ ក្រុមមន្ទីរ អយក ខេត្តស្វាយរៀងទទួលបាន៣ពិន្ទុហើយបានឡើងឈរលើកំពូលតារាងពូល D បណ្តោះអាសន្ន ខណៈក្រុមខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលរកបាន១ពិន្ទុដូចគ្នានេះ ក៏ឡើងឈរលើតារាងបណ្តោះអាសន្នដែរ ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២។

សម្រាប់សប្តាហ៍ទី២នេះ ក៏មាន២ប្រកួតផ្សេងទៀតនឹងត្រូវប្រកួតប្រជែងគ្នា នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ដោយក្រុមមន្ទីរ អយក ខេត្តព្រៃវែង ប៉ះ ក្រុមខេត្តត្បូងឃ្មុំ នៅក្នុងពូល D ស្របពេលដែលក្រុមមន្ទីរ អយក ខេត្តកំពត ប៉ះក្រុមខេត្តកែប នៅក្នុងពូល E។

គួរបញ្ជាក់ថា ការប្រកួតថ្នាក់ខេត្តមាន១៩ក្រុមតំណាងរាជធានីខេត្តបានចូលរួមប្រកួតប្រជែង ដោយចែកចេញជា៥ពូល ដោយត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅប្រកួតថ្នាក់ជាតិ ដែលមានបេក្ខភាពក្រុមឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២៦-២០២៧ ដែលមាន១១ក្រុម។ តាមការបង្ហើបព័ត៌មានបឋមរបស់មន្ត្រីរៀបចំគ្រប់គ្រងការប្រកួត (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឱ្យដឹងថា អ្វីកាន់តែពិសេសសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ គឺក្រុមជ័យលាភីថ្នាក់ខេត្តអាចនឹងប្រកួតជម្រុះជាមួយក្រុមលីគលំដាប់ទី២របស់កម្ពុជា មុនជ្រើសរើសបេក្ខភាពក្រុមខ្លាំងៗមួយចំនួន ដើម្បីប្រកួតថ្នាក់ជាតិ៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





