ឯកឧត្តម សុខ លូ៖ ដំណាំស្រូវជួបគ្រោះរាំងស្ងួតនៅទូទាំងខេត្ត ចំនួន១៣ម៉ឺនហិកតា សង្រ្គោះបាន៧ម៉ឺនហិកតាហើយ
AKP បាត់ដំបង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះបានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកពហុបំណងបាត់ដំបង (សេកសក) ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ការបញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុកថ្មគោល និងស្រុកបាណន់ និងការបូមទឹកសង្រ្គោះស្រូវនៅស្រុកបវេល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រមាណជា ១៣ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះការអន្តរាគមន៍សង្រ្គោះសម្រេចបានជាង ៧ម៉ឺនហិកតា និងកំពុងបន្តសង្រ្គោះបន្ថែមទៀត។ អាងកំពីងពួយដែលអាចស្តុកទឹកបានប្រមាណជា ១៤០លានម៉ែត្រគូប បច្ចុប្បន្នមានទឹកតែប្រមាណ៤លានម៉ែត្រគូបតែប៉ុណ្ណោះ ខណៈទឹកដែលមានទាំងអស់ត្រូវបានបើកបញ្ជូនទៅសង្រ្គោះស្រូវឱ្យអស់លទ្ធភាព និងតាមលក្ខណៈបច្ចេកទេស។


ឯកឧត្តម ប្ដេជ្ញាបន្តអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវឱ្យអស់ពីលទ្ធភាព និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។


សូមជម្រាបថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងពិនិត្យការបែងចែកទឹកសង្រ្គោះស្រូវជាបន្តបន្ទាប់ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





