គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនមន្ត្រីចូលនិវត្តន៍ដល់គេហដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៧ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីចូលនិវត្តន៍ ដែលជាអតីតមន្ត្រីរាជការ បម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ដល់គេហដ្ឋានផ្ទាល់។

អមដំណើរក្នុងឱកាសសួរសុខទុក្ខនោះ ក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន ជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសជំនួបសំណេះសំណាលនេះ លោកជំទាវ ទុយ សិរីរតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា ដោយបានគូសបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងអស់ តែងតែនឹករលឹក និងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់និវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

នាឱកាសដ៏មានអត្ថន័យនោះ លោកជំទាវ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ គ្រឿងប្រដាប់ប្រដាប្រើប្រាស់ រទេះរុញ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ជូនដល់មន្ត្រីចូលនិវត្តន៍ផងដែរ។ ជាមួយគ្នានេះ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ និងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា សកម្មភាពចុះសួរសុខទុក្ខនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ មនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិក្នុងវិស័យព័ត៌មាននាពេលកន្លងមក៕
ដោយ ទូច វលក័្ខណ (រូបភាព: លោក ខឹម សុវណ្ណារ៉ា)





