ទូតកម្ពុជានៅកូរ៉េនិង-មន្ទីរពេទ្យ Catholic Kwandong នឹងរៀបចំពិនិត្យសុខភាពឥតគិតថ្លៃដល់ពលករខ្មែរនៅកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦--ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយលោកវេជ្ជបណ្ឌិត Dong-Hyung Go ប្រធានមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាពជូនពលករខ្មែរធ្វើការនៅកូរ៉េ ។

ការសហការគ្នានេះធ្វើឡើង ក្នុងជំនួបរវាងឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងប្រធានមន្ទីរពេទ្យ Catholic Kwandong ។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពក្នុងការស្នើសុំ និងអនុវត្តគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការ ODA របស់រដ្ឋាភិបាលកូរ៉េ ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ឫវគ្គបណ្តុះបណ្តាលជំនាញឈានមុខផ្នែកសុខាភិបាលតាមស្តង់ដារកូរ៉េ និងគម្រោងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររួមគ្នាកម្ពុជា-កូរ៉េ ជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងចំណងសហប្រតិបត្តិការរវាងស្ថានទូត និងមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital ដោយសហការរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងសហគមន៍ខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏ពិនិត្យលទ្ធភាពរៀបចំព្រាងអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីជាយន្តការសម្រាប់កិច្ចសហការបន្តលើការអភិវឌ្ឍធនធានមនុស្ស និងគម្រោងផ្សេងៗក្នុងវិស័យសុខាភិបាល៕


ដោយ៖ ប៊ុនរិទ្ធ





