មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកយុទ្ធនាការអប់រំសហគមន៍ស្ដីពីជំងឺមហារីកមាត់ស្បូន មហារីកសុដន់អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុនៅឃុំកំពង់ថ្ម
AKP កំពង់ធំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រង AIAកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកយុទ្ធនាការអប់រំសហគមន៍ស្ដីពីជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភនិងចំណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំក្រោមអធិបតីភាពលោកស្រីស៊ិន ស៊ីផានប្រធានមន្ទីរកិច្ចការីខេត្តនិងដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាននឹងស្ត្រីប្រមាណជាង២០០នាក់។

លោក ចាយ ប៊ុនលី មេឃុំកំពង់ថ្មបានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែជឿជាក់ទៅលើក្រសួងសុខាភិបាលរបស់យើង។ រាល់បញ្ហាជំងឺដែលត្រូវព្យាបាលគួរស្វែងរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ជាពិសេសគឺលោកគ្រូ អ្នកគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ កុំឆាប់ជឿទៅតាមការឃោសនា លក់ថ្នាំ ឬក៏ការព្យាបាល របស់គ្រូដែលបានមើលឃើញនៅតាមបណ្ដាញសង្គមជាពិសេសតាមរយៈ facebook។

លោកស្រី ឡេង សុក្ខី អភិបាលរងស្រុកសន្ទុក ក៏បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះបើប្រៀបធៀបពីអត្រាស្លាប់គឺស្ត្រីច្រើនជាងបុរស។ ពីព្រោះថាជំងឺមិនឆ្លងកំពុងតែធ្វើឱ្យមានផលប៉ះពាល់ទៅដល់សុខភាពក្នុងការរស់នៅរបស់ប្រជាជន ជាពិសេសគឺស្ត្រីនិងកុមារ។ដោយឡែកជំងឺ មហារីកមាត់ស្បូន ជំងឺមហារីកសុដន់ កំពុងតែក្លាយទៅជាជំងឺ ដ៏គួរឱ្យមានការព្រួយបារម្ភពីព្រោះថាវាកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះសុំឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រីត្រូវតែគិតគូរអំពីបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការរស់នៅជាប្រចាំថ្ងៃដោយបរិភោគអាហារដែលមានអនាម័យត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់និងឆ្លៀតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានលើកឡើងថា តាមរយៈគម្រោងលើកកម្ពស់សុខភាពនិងហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជាបានបង្ហាញពីភាពជាដៃគូសំខាន់ រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជននិងកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារីនិងក្រុមហ៊ុនធានារ៉ប់អាយុជីវិតAIAក្នុងការចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី នៅក្នុងវិស័យសុខភាព។ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លងកំពុងតែផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជននៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជាជាពិសេសស្ត្រីនិងក្មេងស្រី។
យុទ្ធនាការនេះផងដែរនិងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនគោលដៅនិងបានចូលរួមកាត់បន្ថយ អត្រាស្លាប់ របស់ប្រជាជនដោយសារជំងឺមិនឆ្លងពីព្រោះថា 80% នៃជំងឺមិនឆ្លងគឺអាចការពារបានបើសិនជាមានការអន្តរាគមន៍ដែលមានប្រសិទ្ធភាពខ្ពស់សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយនោះក៏អាចរក្សាសុខភាពបានល្អជាធម្មតា ជាមួយនឹងសមាជិកគ្រួសារ និងសង្គម តាមរយៈ ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ការប្រើប្រាស់អំបិលច្រើន និងជាតិខ្លាញ់ក្នុងអាហារច្រើននិងធ្វើការធ្វើលំហាត់ប្រាណជាប្រចាំនិងទៀងទាត់ជាដើម។

លោកស្រីស៊ិន ស៊ីផានប្រធានមន្ទីរកិច្ចការនារី សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពេលដែលបងប្អូនត្រឡប់ទៅផ្ទះវិញ ហ្នឹងយកចំណេះដឹងទាំងនេះទៅអនុវត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន និងចែករំលែកបន្ត ក្នុងគោលបំណងដើម្បីឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រី មានសមត្ថភាពចេះពិនិត្យស្ទាបរកជំងឺមហារីកសុដន់ដោយខ្លួនឯងហើយទទួលបានការព្យាបាលទាន់ពេលវេលាកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺមិនឆ្លង៕
ដោយ ស៊ុម វណ្ណា





