ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ទីប្រឹក្សា និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom)។

លោក ទូច ស៊ីផាត អគ្គនាយកស្ដីទីនៃអគ្គនាយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងរួមមាន៖ កម្មវិធីទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ កម្មវិធីទី២. ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ កម្មវិធីទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងកម្មវិធីទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលក្រសួងសម្រេចវឌ្ឍនភាពការងារក្នុងខែកក្កដាបាន ១០,៦៤% និងគិតជារួមក្នុងរយៈពេល ៧ខែ សម្រេចបានរហូតដល់ ៦១,៨៩%។


លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញ ស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានក្នុងខែកក្កដា និងលទ្ធផលរយៈពេល ០៧ខែ ក្នុងឆ្នាំ២០២៦ ធៀបនឹងវឌ្ឍនភាពដែលសម្រេចបានក្នុងខែកក្កដា និងរយៈពេល ០៧ខែ ក្នុងឆ្នាំ២០២៥ និងធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំនេះ។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួន ធ្វើឱ្យរបាយការណ៍លទ្ធផលការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទិសដៅការងារដែលបានដាក់ចេញ អាចអនុវត្តបានជោគជ័យប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ស្របតាមផែនការក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦ ដែលបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។


ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ទាំងលើផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាល ជាពិសេសបន្ដអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ស្របតាមផែនការប្រចាំឆ្នាំដែលក្រសួងបានដាក់ចេញ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





