រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនបេសកជនអង្គការសហប្រជាជាតិចុះពិនិត្យភស្តុតាងជាក់ស្តែងពីការរំលោភអធិបតេយ្យភាព និងការបាត់បង់ជម្រករបស់ជនភៀសសឹក
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាព សុវត្ថិភាព និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមបន្ទាត់ព្រំដែន គឺជាការពិតជាក់ស្តែងដែលស្តែងចេញពីអំពើឈ្លានពានពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។ នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងដំណើរបំពេញទស្សនកិច្ចតាមដានស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។
នៅក្នុងជំនួបពិភាក្សាការងារយ៉ាងមានអត្ថន័យ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងពីទិដ្ឋភាពរួម និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលខេត្តបន្ទាយមានជ័យបាននិងកំពុងជួបប្រទះក្នុងនាមជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ ជាប់ព្រំដែនប្រទេសថៃ។ ឯកឧត្តម បានលាតត្រដាងនូវទិន្នន័យដ៏រន្ធត់ដែលកើតចេញពីការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាចំនួន ២លើក (លើកទី១ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី០៧-២៧ ខែធ្នូ ឆ្នាំ២០២៥)។


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ដោយក្តីក្តុកក្តួល និងយកចិត្តទុកដាក់ខ្ពស់ថា «ក្នុងរយៈពេល ២១ថ្ងៃនៃសង្គ្រាមឈ្លានពានចុងក្រោយនេះ បានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាស៊ីវិលស្លូតត្រង់ជាង ៦ម៉ឺន ៤ពាន់គ្រួសារ ដែលស្មើនឹងមនុស្សរាយជាង ២១ម៉ឺននាក់ ក្នុងនោះមានកុមារតូចៗជាង ៦ម៉ឺននាក់ ព្រមទាំងព្រះសង្ឃត្រូវបោះបង់ចោលផ្ទះសម្បែង និងអារាម ដើម្បីជម្លៀសខ្លួនមកកាន់ទីតាំងសុវត្ថិភាពបណ្តោះអាសន្ន ដោយមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយទេមកទល់ពេលនេះ»។
ឯកឧត្តម បានបន្ថែមទៀតថា ព្រឹត្តិការណ៍ឈ្លានពានដោយប្រការបាញ់ស្រោចអាវុធធុនធ្ងន់ចូលដែនអធិបតេយ្យភាពកម្ពុជានេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ ៩នាក់ និងរងរបួសជាច្រើននាក់ទៀត។ អ្វីដែលរឹតតែរំលោភលើបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពជាធរមាននោះ គឺកងទ័ពថៃបានយកទូរកុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធយកដីស្រែចំការ និងភូមិឋានរបស់ពលរដ្ឋកម្ពុជាចំនួន ៦ភូមិទាំងកំរោល។ ជាងនេះទៅទៀត កុមារជាង ៦ម៉ឺននាក់ត្រូវបានខកខាន និងឃ្លាតឆ្ងាយពីការសិក្សា ដោយសារសាលារៀនជាច្រើនត្រូវរងការខូចខាត និងបំផ្លិចបំផ្លាញ។

ឆ្លើយតបនឹងការលាតត្រដាងពីថ្នាក់ដឹកនាំខេត្ត និងដើម្បីប្រមូលភស្តុតាងជាក់ស្តែង លោក Thomas Andrews រួមជាមួយប្រតិភូអមដំណើរ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែន ចំណុចតំបន់បឹងត្រកួន ស្រុកថ្មពួក។ នៅទីនោះ បេសកជន UN បានឃើញផ្ទាល់ភ្នែកនូវទូរកុងតឺន័រ និងរបងបន្លាលួសដែលភាគីយោធាថៃបានរាយព័ទ្ធយកដីភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាភស្តុតាងមិនអាចបដិសេធបាននៃការរំលោភបំពានសិទ្ធិមនុស្ស និងអធិបតេយ្យភាព។


គូសបញ្ជាក់ផងដែរថា បេសកកម្ម និងទស្សនកិច្ចការងាររបស់បេសកជនពិសេស UN មកកាន់កម្ពុជា និងតំបន់ព្រំដែននាពេលនេះ គឺមានគោលបំណងចម្បងដើម្បីសិក្សា និងវាយតម្លៃស្ថានភាពចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែង ទំហំផលប៉ះពាល់ និងតម្រូវការផ្នែកមនុស្សធម៌ជាបន្ទាន់របស់ជនភៀសសឹកកម្ពុជា ព្រមទាំងប្រមូលភស្តុតាងផ្លូវការ រៀបចំជារបាយការណ៍លម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN human rights body) ក្នុងគោលដៅស្វែងរកយុត្តិធម៌ និងដំណោះស្រាយផ្នែកមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ៕
ដោយ៖ ឈុន សារ៉ាត





