ថ្នាក់ដឹកនាំខេត្តកំពង់ចាមអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម
AKP កំពង់ចាម ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដោយរោគាពាធក្នុងជន្មាយុ ៧២ឆ្នាំ។


ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានបង្ហាញនូវការសោកស្តាយ អាឡោះអាល័យយជាពន់ពេកចំពោះការបាត់បង់លោក ម៉េង ហ៊ាង ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ព្រមទាំងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវមន្ត្រី ថ្នាក់ដឹកនាំដ៏មានបទពិសោធន៍មួយរូប ក្នុងការដឹកនាំមូលដ្ឋាន និងការចូលរួមកសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ ស្ទើរពេញមួយជីវិតរបស់លោក។

ក្នុងកិច្ចជាលើកចុងក្រោយ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី លើកដៃប្រណម្យ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ម៉េង ហ៊ាង សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ ឆាយ ម៉ុត





